(សេអ៊ូល)៖ រដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូងលោក Yun Byung-se បានលើកឡើងនៅថ្ងៃសៅរ៍នេះថា អង្គការសហប្រជាជាតិគួរតែពិចារណា ចំពោះការដកសមាជិកភាពចេញពីអង្គការសហប្រជាជាតិ (UN) របស់កូរ៉េខាងជើងចោលទៅ សម្រាប់ការបំពានហើយបំពានទៀត លើបំរាមនុយក្លេអ៊ែរ និងមីស៊ីលផ្លោងរបស់អង្គការសហប្រជាជាតិ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃសៅរ៍ ទី២៩ ខែមេសា ឆ្នាំ២០១៧។
ក្នុងអំឡុងការកោះប្រជុំជាបន្ទាន់មួយ នៅទីក្រុងញូយ៉កនាព្រឹកថ្ងៃសៅរ៍នេះ បន្ទាប់ពីរបបដឹកនាំទីក្រុងព្យុងយ៉ាង បានធ្វើការបាញ់សាកល្បងមីស៊ីលផ្លោងថ្មីមួយផ្សេងទៀត ក៏ប៉ុន្តែវាបានធ្លាក់ចុះទៅដីវិញភ្លាមៗនោះ លោក Yun Byung-se បានថ្លែងដូច្នេះថា «យើងអាចចាត់វិធានការធ្ងន់ៗ ដូចជាការផ្អាកការនាំចេញ ក៏ដូចជាការផ្គត់ផ្គង់ប្រេងឆៅទៅកាន់កូរ៉េខាងជើង រួមទាំងការពិចារណាឲ្យបានហ្មត់ចត់ថា តើរបបដឹកនាំទីក្រុងព្យុងយ៉ាង ដែលជាជនល្មើសមុខដដែលៗនេះ សាកសមធ្វើជាសមាជិករបស់អង្គការសហប្រជាជាតិ ដែរឬយ៉ាងណានោះ ហើយលោក Yun ក៏បានស្នើឲ្យកាត់បន្ថយទំនាក់ទំនងការទូត ជាមួយកូរ៉េខាងជើងផងដែរ»។
គួរបញ្ជាក់ថា ប្រទេសកូរ៉េខាងជើង ដែលបានចូលជាសមាជិក UN កាលពីឆ្នាំ១៩៩១មកនោះ បានបន្តធ្វើតេស្តមីស៊ីលផ្លោងជាច្រើនលើកច្រើនសា នៅក្នុងការប៉ុនប៉ងកសាងសព្វាវុធមួយ ដែលអាចវាយប្រហារទៅលើសហរដ្ឋអាមេរិកបាន ខណៈទីក្រុងព្យុងយ៉ាងបានចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនថា បាននិងកំពុងបង្កអស្ថិរភាពនៅតំបន់ឧបទ្វីបកូរ៉េ តាមរយៈទង្វើជាច្រើន រួមមានទាំងការផ្តល់ប្រព័ន្ធខែលការពារមីស៊ីល THAAD ឲ្យទីក្រុងសេអ៊ូលថែមទៀតផង៕