(តូក្យូ)៖ ប៉ុន្មានម៉ោងក្រោយការបាញ់ធ្វើតេស្តមីស៊ីលផ្លោងថ្មីចុងក្រោយគេបំផុត របស់ប្រទេសកូរ៉េខាងជើង ទោះបីជាវាត្រូវគេរាយការណ៍ថា បានទទួលបរាជ័យក៏ដោយនោះ នាយករដ្ឋមន្រ្តីជប៉ុនលោក ស៊ីន ហ្សូអាបេ បានចេញសេចក្តីប្រកាសមួយជាបន្ទាន់ ដោយបញ្ជាឲ្យអាជ្ញាធរបង្កើនសន្តិសុខកម្រិតខ្ពស់នៅក្នុងប្រទេស ដើម្បីត្រៀមទប់ទល់ក្នុងករណីបន្ទាន់ណាមួយកើតឡើង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃសៅរ៍ ទី២៩ ខែមេសា ឆ្នាំ២០១៧។
ជុំវិញបញ្ហាដ៏ធំខាងលើនេះ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងថា កូរ៉េខាងជើងបានបង្ហាញ ការមិនគោរពកោតខ្លាច ចំពោះចិនសូម្បីតែបន្តិច តាមរយៈការព្យាយាមបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួន នាព្រឹកព្រលឹមថ្ងៃសៅរ៍នេះ ខណៈដែលគ្រប់គ្នាបានដឹងហើយថា ចិនធ្លាប់បានសន្យានឹងដាក់សម្ពាធលើកូរ៉េខាងជើង មិនឲ្យធ្វើតេស្តអាវុធ ដែលអន្តរជាតិហាមឃាតនោះតទៅទៀតឡើយ ក៏ប៉ុន្តែអ្វីៗពេលនេះប្រែជាអាសាបង់។
យោងតាមសារព័ត៌មាន AP និងសារព័ត៌មានធំៗ នាព្រឹកព្រលឹមថ្ងៃសៅរ៍នេះ កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកបានឲ្យដឹងថា កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងសាជាថ្មីម្តងទៀតហើយ ក៏បានប៉ុន្តែទទួលបរាជ័យ ដោយការការបាញ់ សាកល្បងនោះ ធ្វើឲ្យមីស៊ីលប្រភេទបាលីស្ទីកនេះ ធ្លាក់ចុះមកវិញភ្លាមៗបន្ទាប់ពីបាញ់ចេញបានតែ ២-៣នាទីក្រោយមកប៉ុណ្ណោះ នៅតំបន់ក្បែរឆ្នេរសមុទ្រភាគខាងកើតនៃប្រទេសកូរ៉េខាងជើង។
ជុំវិញបញ្ហានេះរដ្ឋាភិបាលទីក្រុងតូក្យូបានសេចក្តីព្រមាន ដើម្បីជាក្រើនរំលឹកដល់ប្រជាពលរដ្ឋក្នុងប្រទេសខ្លួនថា នៅក្នុងករណីនៃការវាយប្រហារដោយអាវុធនុយក្លេអ៊ែរពីសំណាក់កូរ៉េខាងជើងមកលើប្រទេសជប៉ុននោះ ពួកគេប្រហែលជាពុំមានពេលវេលាច្រើន ដើម្បីរត់ភៀសខ្លួនទៅរកទីសុវត្ថិភាព ពោលគឺមានពេលយ៉ាងច្រើនត្រឹម១០នាទីប៉ុណ្ណោះ។
ប្រទេសជប៉ុនបានទទួលស្គាល់ថា ប្រព័ន្ធប្រកាសអាសន្នរបស់ពួកគេ ទំនងជាមានសមត្ថភាពក្នុងការចាប់សញ្ញានៃការបាញ់មីស៊ីល មិនលើសពី១០នាទីជាមុននោះឡើយ ហើយអាចនឹងមិនរហ័សដូចនេះក៏ថាបានដែរ។ យោងតាមលោក Hirofumi Yoshimura អភិបាលក្រុងអូសាកា ជាទីក្រុងដ៏ធំទីពីររបស់ជប៉ុន គ្រាប់មីស៊ីលប្រហែលជាពុំអាចត្រូវចាប់សញ្ញាបានភ្លាមៗ នៅពេលដែលវាត្រូវបានបាញ់ចេញនោះឡើយ ដោយវាអាចទាមទារពេលប៉ុន្មាននាទី។ ប្រការហេតុនេះ ប្រព័ន្ធប្រកាសអាសន្ន និងជូនដំណឹងអាចមានពេលតែ០៤ឬ០៥នាទីប៉ុណ្ណោះ នៅមុនពេលមីស៊ីលមកដល់។
គួរបញ្ជាក់ថានេះជាលើកទី២ហើយ ដែលកូរ៉េខាងជើងបាញ់សាកល្បងមីស៊ីល និងបានទទួលបរាជ័យនៅក្នុងខែមេសា ឆ្នាំ២០១៧ បន្ទាប់ពីការបរាជ័យលើកទី១ កាលពីថ្ងៃទី១៦ ខែមេសា ក្រោយមួយថ្ងៃនៃខួបកំណើតបិតាស្ថាបនិកកូរ៉េខាងជើង លោក គីម អ៊ីលស៊ុង គម្រប់១០៥ឆ្នាំ ដែលជាទិវាបង្អួតសព្វាវុធទំនើបៗ របស់កូរ៉េខាងជើងចំពោះមុខឆាកអន្តរជាតិ ជាពិសេសទៅកាន់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត៕