(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងថា កូរ៉េខាងជើងបានបង្ហាញការមិនគោរពកោតខ្លាច ចំពោះចិនសូម្បីតែបន្តិច តាមរយៈការព្យាយាមបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួន នាព្រឹកព្រលឹមថ្ងៃសៅរ៍នេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យុនហ៉ាប់ នាមុននេះបន្តិចនៅព្រឹកថ្ងៃសៅរ៍ ទី២៩ ខែមេសា ឆ្នាំ២០១៧។
កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកបានឲ្យដឹងថា កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីល Ballistic ទៀតហើយ ប៉ុន្តែទទួលបរាជ័យ នេះបើយោងតាមសារព័ត៌មាន AP និងសារព័ត៌មានធំៗ នាព្រឹកព្រលឹមថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧នេះ។ ការបាញ់សាកល្បងនៅព្រឹកព្រលប់ថ្ងៃសៅរ៍នេះ ធ្វើឲ្យមីស៊ីល Ballistic ត្រូវបានធ្លាក់មកវិញបន្ទាប់ពីបាញ់ចេញបានតែ ២-៣នាទីក្រោយមកប៉ុណ្ណោះ នៅតំបន់ក្បែរឆ្នេរសមុទ្រភាគខាងកើត នៃប្រទេសកូរ៉េខាងជើង។
នេះជាលើកទី២ហើយ ដែលកូរ៉េខាងជើងបាញ់សាកល្បងមីស៊ីល និងបានទទួលបរាជ័យនៅក្នុងខែមេសា ឆ្នាំ២០១៧ បន្ទាប់ពីការបរាជ័យលើកទី១ កាលពីថ្ងៃទី១៦ ខែមេសា ក្រោយមួយថ្ងៃនៃខួបកំណើតបិតាស្ថាបនិកកូរ៉េខាងជើង លោក គីម អ៊ីលស៊ុង គម្រប់១០៥ឆ្នាំ ដែលជាទិវាបង្អួតសព្វាវុធទំនើបៗ របស់កូរ៉េខាងជើងចំពោះមុខឆាកអន្តរជាតិ ជាពិសេសទៅកាន់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត៕