(ញូយ៉ក)៖ ថ្លែងក្នុងអំឡុងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តី ស្តីពីបញ្ហានុយក្លេអ៊ែរនៅកូរ៉េខាងជើង ដែលត្រូវបានធ្វើឡើងដោយក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិនាថ្ងៃសុក្រនេះ រដ្ឋមន្រ្តីការបរទេសចិនលោក Wang Yi បានលើកឡើងថា កិច្ចពិភាក្សានិងចរចាគ្នា គឺជាជម្រើសដ៏សាកសមតែមួយគត់ ដើម្បីដោះស្រាយបញ្ហានៃអាវុធប្រល័យលោក នៅតំបន់ឧបទ្វីបកូរ៉េ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CGTN នៅយប់ថ្ងៃសុក្រ ទី២៨ ខែមេសា ឆ្នាំ២០១៧។
ខណៈការកើនឡើងយ៉ាងក្តៅគគុកនៃភាពតានតឹងនៅក្នុងតំបន់នេះ បានបង្កជាក្តីព្រួយបារម្ភនៅទូទាំងពិភពលោក ប្រទេសចិនបានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធឲ្យព្យាយាមស្វែងរកឱកាសជជែកពិភាក្សាគ្នាប្រកបដោយសន្តិវិធី ឲ្យបានឆាប់តាមតែអាចធ្វើទៅបាន។ ជាមួយគ្នានេះទីក្រុងប៉េកាំងបានទទូចឲ្យគ្រប់ភាគីទាំងអស់ ចូលរួមអនុវត្តន៍សេចក្តី សម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខ UN ដែលទាក់ទិននឹងប្រទេសកូរ៉េខាងជើង ប្រកបដោយការយកចិត្តទុកដាក់គ្រប់ជ្រុងជ្រោយថែមទៀតផង។
ម៉្យាងវិញទៀតលោក Wang ក៏បានគូសបញ្ជាក់ដែរថា ប្រព័ន្ធខែលការពារមីស៊ីល THAAD ដែលកំពុងដាក់ ពង្រាយនៅលើទឹកដីកូរ៉េខាងត្បូង បានបង្កផលប៉ះពាល់ជាខ្លាំងដល់ផ្នែកសន្តិសុខជាយុទ្ធសាស្រ្តរបស់ចិន ហើយបានធ្វើឲ្យខូចទំនុកចិត្ត នៅក្នុងចំណោមភាគីដែលពាក់ព័ន្ធនឹងបញ្ហាកូរ៉េខាងជើង។
ជាចុងក្រោយលោករដ្ឋមន្រ្តីការបរទេសចិន បានអះអាងថា ទីក្រុងប៉េកាំងមិនមែនជាតួឯកក្នុងបញ្ហាជម្លោះសព្វថ្ងៃនេះ ឬមួយក៏ជាអ្នកកាន់កូនសោរដើម្បីដោះស្រាយបញ្ហាកូរ៉េខាងជើងនោះឡើយ ប៉ុន្តែគ្រាន់ចង់ជួយបង្ហាញពីឥរិយាបទទំនួលខុសត្រូវ សម្រាប់សេចក្តីសុខសន្តិភាពនៃឧបទ្វីបកូរ៉េនិងស្ថិរភាពក្នុងតំបន់ប៉ុណ្ណោះ៕