(ពិភពលោក)៖ នៅថ្ងៃសុក្រ ទី២៨ ខែមេសា ឆ្នាំ២០១៧នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំងព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ថ្លែងឲ្យដឹងថា លោកចង់ឱឲ្យទីក្រុងសេអ៊ូលបង់ប្រាក់ចំនួន១ពាន់លានដុល្លារ សម្រាប់ប្រព័ន្ធខែលការពារមីស៊ីល THAAD ដែលកំពុងដាក់ពង្រាយនៅលើទឹកដីកូរ៉េខាងត្បូង។
២៖ យានអវកាស Cassini របស់អង្គការ NASA ដែលជិតនឹងដល់ពេលបញ្ចប់តួនាទីទៅហើយនោះ ធ្វើការថតនិងបញ្ជូនរូបភាពត្រឡប់មកផែនដីជាច្រើន ដែលជារូបថតនៅតំបន់ក្នុងខ្សែក្រវ៉ាត់ភពសៅរ៍ (Ring of Saturn) ដែលជារឿងមិនធ្លាប់មាននោះឡើយក្នុងប្រវត្តិសាស្ត្រនៃការថតរូបភាពភពផ្សេងៗក្នុងទីអវកាស។
៣៖ ប្រទេសចិន ធ្វើការហោះហើរបង្អួតយន្តហោះចម្បាំប្រភេទថ្មីធុន JF-17B ដែលរួមដៃផលិតជាមួយប៉ាគីស្ថាន និងមានសមត្ថភាពប្រយុទ្ធខ្ពស់ ហើយក៏អាចប្រើប្រាស់ក្នុងការបង្ហាត់បង្រៀនបានផងដែរ។
៤៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បដិសេធក្នុងការនិយាយទូរស័ព្ទ ជាមួយប្រធានាធិបតីកោះតៃវ៉ាន់ ព្រោះមិនចង់បង្កឲ្យចិនរង្គាសចិត្ត។
៥៖ ក្រុមភ្នាក់ងារពន្លត់អគ្គីភ័យ ចូលរួមការហ្វឹកហាត់បង្ការគ្រោះអាសន្ន នៅឯអាកាសយានដ្ឋានអន្តរជាតិ Vancouver នៃប្រទេសកាណាដា។
៦៖ មេទ័ពជើងទឹកអាមេរិក ថ្លែងថាពេលនេះកោះហាវ៉ៃ មិនទាន់ត្រៀមខ្លួនទប់ទល់មីស៊ីលកូរ៉េខាងជើងនៅឡើយទេ និងអំពាវឲ្យតំឡើងប្រព័ន្ធស្ទាក់ចាប់មីស៊ីលទៅទីនោះជាបន្ទាន់។
៧៖ លោក ដូណាល់ ត្រាំ បញ្ជាក់អះអាងថា ជម្លោះទ្រង់ទ្រាយធំអាចនឹងផ្ទុះឡើងជាមួយកូរ៉េខាងជើង ប៉ុន្តែអាមេរិកចង់បានដំណោះស្រាយដោយសន្តិវិធីជាង។