(បាងកក)៖ ទីបំផុតកម្លាំងប៉ូលិសថៃ ទទួលបានដីកាដើម្បីធ្វើការចាប់ខ្លួន ទាយាទស្នងតំណែងរបស់ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង Red Bull ដែលបានរងការចោទប្រកាន់នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍បុកមនុស្សស្លាប់ហើយរត់គេចខ្លួនបាត់ដ៏សាហាវមួយកាលពីប្រាំឆ្នាំមុន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Fox News នៅយប់ថ្ងៃសុក្រ ទី២៨ ខែមេសា ឆ្នាំ២០១៧។
ដីកាបង្គាប់ឲ្យចាប់ខ្លួនខាងលើនេះ ត្រូវបានចេញដោយតុលាការទីក្រុងបាងកកនាថ្ងៃសុក្រនេះ ហើយវាជាជាការបោះជំហានថ្មីមួយ ដែលអាចធ្វើឲ្យ សំណុំរឿងដ៏ចម្រូងចម្រាសមួយនេះបន្តទៅមុខទៀតបាន បន្ទាប់បានកកស្ទះដោយគ្មានការវិវឌ្ឍន៍អ្វីទាំងអស់ អស់រយៈពេលជិតកន្លះទសវត្សរ៍មកហើយនោះ។ លោក Vorayuth Yoovidhya ហៅ Boss បានទទួលរងការចោទប្រកាន់ពីបទ រត់គេចយករួចខ្លួនពីកន្លែងកើតហេតុ នៃករណីគ្រោះថ្នាក់ចរាចរណ៍មួយកាលពីឆ្នាំ២០១២ ដែលរថយន្តស៊េរីទំនើបម៉ាក Ferrari របស់ជននេះ បានទៅបុកមន្រ្តីប៉ូលិសម្នាក់កំពុងជិះនៅលើម៉ូតូយាមល្បាត ហើយបានបណ្តាលឲ្យមន្រ្តីប៉ូលិសរូបនោះបាត់បង់ជីវិតភ្លាមៗ។
គួរបញ្ជាក់ថាគ្រួសាររបស់លោក Vorayuth ដែលជាម្ចាស់ភាគហ៊ុនពាក់កណ្តាលនៃអាណាចក្រភេសជ្ជៈប៉ូវកម្លាំង Red Bull នោះ ត្រូវបានគេធ្វើការប៉ាន់ប្រមាណថាមានទ្រព្យសម្បត្តិសរុបមិនតិចជាង២០ពាន់លានដុល្លារនោះឡើយ៕