(ម៉ូស្គូ)៖ សហរដ្ឋអាមេរិកកំពុងបង្កើនក៏ដូចជាចិញ្ចឹមភាពតានតឹង នៅលើតំបន់ឧបទ្វីបកូរ៉េ ក្នុងចេតនាបង្កអស្ថេរភាពដល់ចិន និងបំផ្លាញកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងប៉េកាំង ក្នុងការបង្កើតប្រព័ន្ធសេដ្ឋកិច្ចសកល «ខែ្សក្រវាត់មួយផ្លូវមួយ»។ នេះបើតាមលោក Adam Broinowski អ្នកជំនាញម្នាក់មកពីសកលវិទ្យាល័យ Australian National University ចុះផ្សាយដោយសារព័ត៌មាន Sputnik នៅល្ងាចថ្ងៃសុក្រ ទី២៨ ខែមេសា ឆ្នាំ២០១៧។
នារយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ សហរដ្ឋអាមេរិក និងកូរ៉េខាងជើងបានព្រមានប្រើកម្លាំងយោធា ដាក់គ្នាទៅមក។ ក៏ប៉ុន្តែទីក្រុងវ៉ាស៊ីនតោនហាក់ដូចជាបានបន្ទន់ឥរិយាបថ ដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហាញពីបំណងជ្រើសរើសការដាក់ទណ្ឌកម្ម ប្រឆាំងទីក្រុងព្យុងយ៉ាង ជាជាងប្រើកម្លាំងយោធា ខណៈចិនផ្ទាល់ក៏បានព្រមានដែរថា នឹងដាក់ទណ្ឌកម្មឯតោភាគី បើសិនកូរ៉េខាងជើង នៅតែ ចចេសសាកល្បងអាវុធនុយក្លេអ៊ែរ។
ដោយឡែក ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយ Sputnik លោក Adam Broinowski បានលើកឡើងយ៉ាងដូច្នេះថា «តាមគំនិតរបស់ខ្ញុំទីក្រុងវ៉ាស៊ីនតោន កំពុងព្យាយាមដាក់សម្ពាធលើកម្មវិធីសេដ្ឋកិច្ចចិន ជាពិសេសនោះគឺប្រព័ន្ធសេដ្ឋកិច្ច ខែ្សក្រវាត់មួយផ្លួវមួយតែម្ដង ហើយថែមទាំងចង់រារាំងការប៉ុនប៉ងផ្សាភ្ជាប់ទំនាក់ទំនង របស់ចិនជាមួយរុស្ស៊ី ក្នុងការបង្កើតសម្ព័ន្ធភាពសេដ្ឋកិច្ចមួយ ដែលជាគំរោងដ៏ធំលាតសន្ធឹងរហូតដល់ប្រទេសអាល្លឺម៉ង់ »។
គួរបញ្ជាក់ថា កាលពីប៉ុន្មានថ្ងៃមុននេះចិនបានជម្រុញឱ្យសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងបញ្ឈប់ការធ្វើសមយុទ្ធយោធា ព្រមទំាងអំពាវនាវឱ្យកូរ៉េខាងជើង បិទបញ្ចប់ការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ និងមីស៊ីលផ្លោង ដើម្បីបន្ធូរបន្ថយភាពតានតឹងនៅលើឧទ្វីបកូរ៉េ ដែលកំពុងស្ថិតនៅមាត់ជ្រោះនៃសង្រ្គាម៕