(កាប៊ុល)៖ កងកម្លាំងសន្តិសុខនៃប្រទេសអាហ្វហ្គានីស្ថាន បានផ្តាច់ជីវិតក្រុមសកម្មប្រយុទ្ធរបស់ ISIS យ៉ាងហោចណាស់ចំនួន៤៥នាក់ នៅក្នុងខេត្ត Nangarhar ភាគខាងកើត ដោយនៅក្នុងចំណោមនោះ ក៏មានមេដឹកនាំជាន់ខ្ពស់ម្នាក់នៃក្រុមភេរវករនេះផងដែរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃសុក្រ ទី២៨ ខែមេសា ឆ្នាំ២០១៧។
ប្រព័ន្ធផ្សព្វផ្សាយអាហ្វហ្គានីស្ថានបានរាយការណ៍ថា ក្នុងចំណោមជនសកម្មប្រយុទ្ធដែលត្រូវបានសម្លាប់ រួមមានបុគ្គលឈ្មោះ Qari Nafiz ជាមេដឹកនាំជាន់ខ្ពស់ម្នាក់ ទទួលបន្ទុកខាងទំនាក់ទំនងរបស់ក្រុមភេរវករ ISIS។ ជនឈ្មោះ Nafiz បានបាត់បង់ជីវិត រួមជាមួយក្រុមសកម្មប្រយុទ្ធ ៣៦នាក់ផ្សេងទៀត ក្នុងអំឡុងការវាយប្រហារតាមផ្លូវអាកាស និងប្រតិបត្តិការបោសសម្អាតតាមផ្លូវគោក នៅស្រុក Achin នៃខេត្ត Nangarhar ខណៈ០៩នាក់បន្ថែមទៀតត្រូវបានសម្លាប់ ក្នុងប្រតិបត្តិការយោធាដាច់ដោយឡែកពីគ្នា នៅស្រុក Haska Mina នៃខេត្តដដែល។
គួរបញ្ជាក់ថា ប្រទេសនៅតំបន់អាស៊ីខាងត្បូងមួយនេះបាន និងកំពុងទទួលរងគ្រោះអស់រយៈពេលជាយូរណាស់មកហើយ ពាក់ព័ន្ធបញ្ហាអស្ថិរភាពសន្តិសុខ នយោបាយ សង្គម ដោយសារតែសកម្មភាពរបស់ក្រុមភេរវករ ISIS និងក្រុមឧទ្ទាមតាលីបង់ ហើយនាពេលថ្មីៗនេះ កងម្លាំងសន្តិសុខរួមទាំងកងកម្លាំងការពារជាតិអាហ្វហ្គានីស្ថាន បានចាប់ផ្តើមបើកប្រតិបត្តិការដ៏ក្តៅគគុក ដើម្បីប្រយុទ្ធប្រឆាំងភេរវកម្មនៅទូទាំងប្រទេស៕