(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានបដិសេធចោលការលើកឡើងរបស់ប្រធានាធិបតីកោះតៃវ៉ាន់ដែលថា មេដឹកនាំទាំងពីររូបអាចធ្វើការជជែកពិភាក្សាគ្នាតាមប្រព័ន្ធទូរស័ព្ទម្តងទៀតនោះ ដោយលោក ត្រាំ បានបញ្ជាក់ថា លោក មិនចង់បង្កបញ្ហាដល់ប្រធានាធិបតីចិនលោក ស៊ី ជិនពីង ចំពេលដែលទីក្រុងប៉េកាំងកំពុងតែខិតខំប្រឹងប្រែង ជួយដោះស្រាយបញ្ហាកូរ៉េខាងជើងឡើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃសុក្រ ទី២៨ ខែមេសា ឆ្នាំ២០១៧។
ក្នុងកិច្ចសម្ភាសន៍នៅឯសេតវិមានលោក ដូណាល់ ត្រាំ បានច្រានចោលរឿងនេះ បន្ទាប់ពីមេដឹកនាំតៃវ៉ាន់លោកស្រី ត្សៃ អ៊ីងវិន បានបង្ហើបប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា លោកស្រី មិនអាចនិយាយថា នាពេលអនាគតនឹងមិនមានការជជែកពិភាក្សាគ្នាផ្ទាល់ម្តងទៀតជាមួយលោកប្រធានាធីបតីអាមេរិកនោះឡើយ ហើយវាគឺជាទង្វើយ៉ាងប្រាកដច្បាស់មួយ ដែលនឹងធ្វើឲ្យចិនខឹងសម្បារ ខណៈស្ថានភាពនៃកោះតៃវ៉ាន់ គឺប្រហែលជាបញ្ហាដ៏រសើបបំផុតរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង។
នាឱកាសនោះលោក ត្រាំ បានលើកឡើងថា រូបលោកបានបង្កើតទំនាក់ទំនងផ្ទាល់ខ្លួនយ៉ាងល្អ ជាមួយប្រធានាធិបតីលោក ស៊ី ជិនពីង ហើយលោកមានអារម្មណ៍ថា លោក ស៊ី កំពុងតែធ្វើអ្វីៗឲ្យអស់ពីលទ្ធភាព ដើម្បីជួយដោះស្រាយបញ្ហាដ៏ធំមួយ បន្ទាប់ពីមានសញ្ញាបង្ហាញថា ចិនទំនងជាកំពុងព្យាយាមទប់ស្កាត់ការធ្វើតេស្តមីស៊ីល និងអាវុធនុយក្លេអ៊ែរថ្មីៗទៀត របស់ទីក្រុងព្យុងយ៉ាង ដែលជាអ្នកជិតខាង និងជាសម្ព័ន្ធដ៏យូរអង្វែងរបស់ទីក្រុងប៉េកាំង។ ម៉្យាងវិញទៀតគេសង្កេតឃើញថា ទីក្រុងព្យុងយ៉ាង មិនបានធ្វើតេស្តមីស៊ីល ឬមួយក៏អាវុធនុយក្លេអ៊ែរនោះឡើយ នៅអំឡុងគំរប់ខួបសំខាន់ៗចំនួនពីរក្នុងខែមេសានេះឡើយ។
លោកប្រធានាធិបតីអាមេរិក បានបន្ថែមទៀតថា «ដូច្នេះហើយ ខ្ញុំនឹងមិនចង់បង្កផលលំបាកដល់លោក ស៊ី ជិនពីង នាពេលនេះឡើយ។ ខ្ញុំគិតថាលោក ស៊ី កំពុងតែខិតខំប្រឹងប្រែងបានយ៉ាងល្អ ក្នុងនាមជាមេដឹកនាំមួយរូប ហើយខ្ញុំមិនចង់ធ្វើអ្វីៗដែលអាចក្លាយជាការទើសទែងនោះទេ ប្រការហេតុនេះខ្ញុំពិតជាចង់ពិគ្រោះជាមួយលោកប្រធានាធិបតីចិនជាមុនសិន»។
គួររំលឹកថា កាលពីដើមខែធ្នូ ឆ្នាំ២០១៦ លោក ដូណាល់ ត្រាំ នៅជាប្រធានាធិបតីជាប់ឆ្នោតអាមេរិក បានទទួលទូរស័ព្ទសម្តែងការអបអរសាទរ ពីសំណាក់លោកស្រី ត្សៃ អ៊ីងវិន ហើយវាគឺជាការទាក់ទងគ្នាលើកដំបូងបំផុត រវាងមេដឹកនាំតៃវ៉ាន់ជាមួយប្រធានាធិបតីអាមេរិក ឬក្នុងករណីនោះជាអនាគតប្រធានាធីបតីអាមេរិក នៅក្នុងរយៈពេលជិតបួនទសវត្សរ៍កន្លងផុតទៅនេះ។ លើសពីនេះលោក ត្រាំ បានជះមន្ទិលសង្ស័យទៅលើគោលនយោបាយដ៏យូរអង្វែងរបស់ទីក្រុងវ៉ាស៊ីនតោន ដែលតាំងពីដើមរៀងមកបានគោរពតាមគោលនយោបាយចិនតែមួយ របស់ទីក្រុងប៉េកាំង ដែលចាត់ទុកកោះតៃវ៉ាន់ គ្រាន់តែជាខេត្តមួយរបស់ចិនប៉ុណ្ណោះ។
កាលជជែកគ្នាតាមទូរស័ព្ទនោះ បានធ្វើបណ្តាលឲ្យរដ្ឋាភិបាលទីក្រុងប៉េកាំងមិនពេញចិត្តជាខ្លាំង ពីព្រោះចិនព្រួយបារម្ភថា ការទាក់ទងគ្នារវាងតៃវ៉ាន់ និងមេដឹកនាំនៃបណ្តាប្រទេសដទៃៗទៀត ទីបំផុតនឹងផ្តល់អធិបតេយ្យភាពឲ្យកោះមួយនេះ។ យ៉ាងណាមិញកាលពីខែកុម្ភៈកន្លងទៅលោក ត្រាំ ក៏បានងាកមកយល់ព្រមគោរពគោលនយោបាយចិនតែមួយវិញ ហើយថែមទាំងបានធ្វើការទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់លោក ស៊ី ជិនពីង យ៉ាងកក់ក្តៅនៅឯរមណីយដ្ឋានផ្ទាល់ខ្លួនរបស់លោក ក្នុងរដ្ឋផ្លូរីដាទៀតផង នាដើមខែមេសា៕