(សេអ៊ូល)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយនៅក្នុងកិច្ចសម្ភាសន៍ ជាមួយទីភ្នាក់ងារសារព័ត៌មាន Reuters ថា លោកចង់ឱ្យទីក្រុងសេអ៊ូលបង់ប្រាក់១ពាន់លានដុល្លារ សម្រាប់ប្រព័ន្ធខែលការពារមីស៊ីល THAAD ដែលកំពុងដាក់ពង្រាយនៅលើទឹកដីកូរ៉េខាងត្បូង។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ នៅរសៀលថ្ងៃសុក្រ ទី២៨ ខែមេសា ឆ្នាំ២០១៧៕
ការលើកឡើងបែបនេះរបស់ លោក ត្រាំ ធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីបរិក្ខាសំខាន់ៗរបស់ THAAD ដូចជាប្រព័ន្ធរ៉ាដា X band និងរថយន្ដជាជើងទម្របាញ់មីស៊ីលត្រូវបានដឹកជញ្ជូនទៅកាន់តំបន់ Seongju នៃខេត្ត Gyeongsang ខាងជើង ជាទីដែលប្រព័ន្ធមីស៊ីលនេះនឹងត្រូវដាក់ពង្រាយ ដើម្បីទប់ស្កាត់ការគំរាមកំហែងដោយគ្រាប់មីស៊ីល ពីសំណាក់កូរ៉េខាងជើង។
លោក ត្រាំ បានប្រាប់ Reuters យ៉ាងដូច្នេះថា «ខ្ញុំចង់បញ្ជាក់ថា កូរ៉េខាងត្បូងនឹងក្លាយជាម្ចាស់របស់ THAAD។ ដូច្នេះទីក្រុងសេអ៊ូល ត្រូវតែចំណាយប្រាក់សម្រាប់ប្រព័ន្ធការពារមីស៊ីល ដែលមានតម្លៃមួយពាន់លានដុល្លារ»។ តែទោះបីជាយ៉ាងណាក៏ដោយ ក្រសួងការពារជាតិកូរ៉េខាងត្បូង បានគូសបញ្ជាក់ថា សហរដ្ឋអាមេរិកគឺជាអ្នកចំណាយប្រាក់លើប្រតិបត្តិការ នៃប្រព័ន្ធខែលការពារមីស៊ីល THAAD ដែលនឹងត្រូវដាក់ឱ្យដំណើរការលើទឹកដីកូរ៉េខាងត្បូងក្នុងពេលឆាប់នេះ។
គួរបញ្ជាក់ថា ចិន និងរុស្ស៊ីបានជំទាស់យ៉ាងខ្លាំងនឹងគំរោងដាក់ពង្រាយ THAAD ក្រោម ហេតុផលសន្តិសុខជាតិ ហើយថែមទាំងបញ្ជាក់ទៀតថា ពួកគេនឹងចាត់វិធានការឆ្លើយតប បើសិនជាប្រព័ន្ធមីស៊ីលនេះត្រូវបានដាក់ពង្រាយរួចរាល់មែននោះ។ មួយវិញទៀតនៅពេលនេះ THAAD កំពុងក្លាយជាប្រធានបទជជែកដេញដោលដ៏សំខាន់ នៃបេក្ខជនប្រធានាធិបតីកូរ៉េខាងត្បូង នៅមុនការបោះឆ្នោតនាថ្ងៃទី០៩ ខែឧសភាខាងមុខនេះ៕