(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានផ្ដល់សិទ្ធិអំណាចពេញលេញ ដល់មន្ទីរបញ្ចកោណក្នុងការគ្រប់គ្រងចំនួនកងទ័ពអាមេរិក នៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី ដើម្បីធានាការបត់បែនទៅតាមមេបញ្ជារបស់ពួកគេ ដោយមិនចាំបាច់មានការសម្រេចពីប្រធានាធិបតីជាមុននោះឡើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Russian Today នៅព្រឹកថ្ងៃសុក្រ ទី២៨ ខែមេសា ឆ្នាំ២០១៧។
បច្ចុប្បន្នកងទ័ពអាមេរិក ៥,០០០នាក់ ត្រូវបានដាក់ពង្រាយនៅអ៊ីរ៉ាក់ និង៥០០នាក់នៅស៊ីរី ជាទីដែលពួកគេកំពុងធ្វើប្រតិបត្តិការយោធា ដោយគ្មានការអនុញ្ញាតពីរដ្ឋាភិបាលស៊ីរី។ ជុំវិញបញ្ហានេះ ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយ ABC អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក Jeff Davis បានឱ្យ ដឹងយ៉ាងដូច្នេះថា « លោក ដូណាល់ ត្រាំ បានផ្ដល់សិទ្ធិអំណាចដល់មន្ទីរបញ្ចកោណគ្រប់គ្រង ឬកម្រិតចំនួនយោធាអាមេរិកនៅស៊ីរី និងអ៊ីរ៉ាក់។ ក៏ប៉ុន្តែនេះមិនមែនមានន័យថា យុទ្ធសាស្ត្រ និងចំនួនកងទ័ពអាមេរិកនៅស៊ីរី អ៊ីរ៉ាក់ និងនៅតំបន់មជ្ឈិមបូព៌ាត្រូវផ្លាស់ប្ដូរនោះទេ ពោលគឺកងទ័ពអាមេរិក នៅតែជួយគំាទ្រ និងបណ្ដុះបណ្ដាលកងកម្លំាងនៅក្នុងតំបន់ ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុម ISIS ដដែល»។
គួរបញ្ជាក់ថា ប្រព័ន្ធកម្រិតចំនួនកងទ័ពអាមេរិក ឬគេស្គាល់ថា Force Management Level (FML) system ត្រូវបានដាក់ឱ្យអនុវត្តន៍នៅអ៊ីរ៉ាក់ និងស៊ីរី តាំងតែពីអតីតរដ្ឋបាលលោក បារ៉ាក់ អូបាម៉ា មកម្ល៉េះ ដើម្បីត្រួតពិនិត្យ និងគ្រប់គ្រងលើយោធាអាមេរិក។ ក៏ប៉ុន្តែប្រព័ន្ធខាងលើនេះ បានរងការរិះគន់ពីសំណាក់ មេបញ្ជាការអាមេរិកមួយចំនួន ត្បិតពួកគេយល់ថា វាបានបង្កភាពស្មុគស្មាញដល់ការដាក់ពង្រាយកងទ័ពអាមេរិកអ៊ីរ៉ាក់ និងនៅស៊ីរី ៕