(ប៉េកាំង)៖ យន្តហោះចម្បាំងធុន JF-17B ដែលអាចប្រើប្រាស់ក្នុងការបង្ហាត់បង្រៀនបានផងដែរនោះ បានធ្វើការហោះហើរជាលើកដំបូងនៅខេត្ត Sichuan ភាគនិរតីនៃប្រទេសចិន បន្ទាប់ពីទីក្រុងប៉េកាំងបានចួលរួមអភិវឌ្ឍន៍វាជាមួយប្រទេសប៉ាគីស្ថាន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅព្រឹកថ្ងៃសុក្រ ទី២៨ ខែមេសា ឆ្នាំ២០១៧។
យន្តហោះចម្បាំងសម្រាប់ការបង្ហាត់បង្រៀនការហោះហើរ JF-17B នេះត្រូវបានផលិតឡើងរួមគ្នារវាងចិន និងប៉ាគីស្ថាន ដើម្បីបំពេញតម្រូវការនៃអតិថិជនអន្តរជាតិ និងទីផ្សារពិភពលោក ជំនួសឲ្យយន្តហោះជំនាន់ចាស់ JF-17។ បន្ថែមពីនេះយន្តហោះចម្បាំងធុន JF-17B អាចយកទៅប្រើប្រាស់សម្រាប់ការបង្ហាត់បង្រៀន ក៏ដូចជាហ្វឹកហ្វាត់នៅក្នុងពេលវេលាសន្តិភាព និងអាចប្រើប្រាស់ក្នុងបេសកម្មប្រយុទ្ធគ្នាផ្សេងៗ នៅអំឡុងពេលសង្រ្គាមផងដែរ។
គួរបញ្ជាក់ថា យន្តហោះដែលមានកន្លែងអង្គុយសម្រាប់អាកាសយានិកពីររូបនេះ បានធ្វើការហោះហើរ និងសំកាំងលើផ្ទៃមេឃអស់រយៈពេលប្រមាណ ២៦នាទី នៅចំពោះមុខទស្សនិកជនជាច្រើននាក់មកពីក្នុង និងក្រៅប្រទេស។ ចំពោះតម្លៃនៃ JF-17B មិនទាន់ត្រូវបានបញ្ជាក់នោះទេ ប៉ុន្តែសម្រាប់ស៊េរីមុនគឺ JF-17 មានតម្លៃក្នុងមួយគ្រឿង ២៨លានដុល្លារអាមេរិក៕