(វ៉ាស៊ីនតោន)៖ មន្រ្តីយោធាជាន់ខ្ពស់អាមេរិកប្រចាំនៅតំបន់ប៉ាស៊ីហ្វិកបានឲ្យដឹងថា កោះហាវ៉ៃកំពុងស្ថិតនៅក្នុងរយៈចម្ងាយនៃមីស៊ីលផ្លោងរបស់ប្រទេសកូរ៉េខាងជើងហើយ ដោយពេលនេះអាជ្ញាធរបានអំពាវឲ្យមានការបំពាក់ប្រព័ន្ធរ៉ាដាការពារ និងប្រព័ន្ធស្ទាក់ចាប់មីស៊ីល នៅលើទីតាំងយុទ្ធសាស្រ្តមួយនេះជាបន្ទាន់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃសុក្រ ទី២៨ ខែមេសា ឆ្នាំ២០១៧។
ថ្លែងនៅក្នុងកិច្ចប្រជុំព្រឹទ្ធសភាសហរដ្ឋអាមេរិក លោក Harry Harris មេបញ្ជាការនៃទីបញ្ជាការដ្ឋានកងទ័ពជើងទឹកអាមេរិកប្រចាំនៅតំបន់ប៉ាស៊ីហ្វិក បានលើកឡើងថា «ច្បាស់ណាស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ក្នុងពេលបច្ចុប្បន្នកំពុងស្ថិតនៅក្នុងស្ថានភាព ដែលអាចបង្កការគំរាមកំហែងដល់កោះហាវ៉ៃបាន ហើយខ្ញុំបានស្នើថា យើងគួរតែគិតគូរពិចារណា អំពីាការបំពាក់ប្រព័ន្ធស្ទាក់ចាប់មីស៊ីលនៅទីនោះ ដើម្បីផ្តល់ការការពារដោយផ្ទាល់ ហើយនិងត្រួតពិនិត្យឡើងវិញទៅលើ ប្រព័ន្ធរ៉ាដាការពារខ្លួនរបស់ទីតាំងយុទ្ធសាស្រ្តនេះ»។
គួរបញ្ជាក់ថា កោះហាវ៉ៃដែលមានប្រជាជនប្រមាណ ១.៥លាននាក់នោះ និងនៅចំកណ្តាលមហាសមុទ្រអាត្លង់ទិកខាងជើង គឺស្ថិតនៅចម្ងាយប្រហែល ៧,៥០០គីឡូម៉ែត្រពីប្រទេសកូរ៉េខាងជើង ជាហេតុបណ្តាលឲ្យវាងាយនឹងរងគ្រោះ ពីការវាយប្រហាររបស់កូរ៉េខាងជើងមុនគេ៕