(ប៉េកាំង)៖ រដ្ឋាភិបាលចិនបានប្រាប់រដ្ឋបាលលោក ដូណាល់ ត្រាំ ថា ខ្លួនបានព្រមានកូរ៉េខាងជើងរួចហើយ ថានឹងដាក់ទណ្ឌកម្មឯកតោភាគី បើសិនជាទីក្រុងព្យុងយ៉ាងហ៊ានសាកល្បងអាវុធនុយក្លេអ៊ែរទៀតនោះ។ នេះបើតាមរដ្ឋមន្ត្រីការបទេសអាមេរិក លោក រិច ធីល្លឺសុន ដកស្រង់ដោយទីភ្នាក់ងារសារពត៌មាន Reuters នៅព្រឹកថ្ងៃសុក្រ ទី២៨ ខែមេសា ឆ្នាំ២០១៧។
ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយ Fox News លោក ធ្លីល្លឺសុន បាននិយាយថា «យើងបានទទួលដំណឹងពី ទីក្រុងប៉េកាំងថា ពួកគេបានប្រាប់របបដឹកនាំទីក្រុងព្យុងយ៉ាងហើយថា បើសិនជានៅតែរឹងទទឹងចង់សាកល្បងអាវុធនុយក្លេអ៊ែរ ចិនអាចនឹងចាត់វិធានការដាក់ទណ្ឌកម្មដោយខ្លួន ឯងផ្ទាល់ប្រឆាំងនឹងកូរ៉េខាងជើង»។ ក៏ប៉ុន្តែព្រមពេលជាមួយគ្នា រដ្ឋមន្ត្រីការបរទេសអាមេរិករូបនេះ មិនបានបញ្ជាក់លម្អិតបន្ថែមឡើយ ហើយទីក្រុងប៉េកាំងក៏មិនទាន់ធ្វើការអត្ថាធិប្បាយអ្វីនោះដែរ។
ជាងនេះទៅទៀតគ្រប់គ្នាសុទ្ធតែដឹងថា កូរ៉េខាងជើងគឺជាសម្ព័ន្ធមិត្តយុទ្ធសាស្ត្រ មិនអាចខ្វះបានរបស់ចិន ក្នុងការទប់ស្កាត់ការពង្រីកឥទ្ធិពលយោធាអាមេរិកនៅក្នុងតំបន់។ ដូច្នេះហើយទើបក្រុមអ្នកជំនាញមួយ ចំនួនយល់ថា បើទោះជាចិនដាក់ទណ្ឌកម្មប្រឆាំងនឹងរបបលោក គីម ជុងអ៊ុន ក៏ដោយ ក៏មិនមែនមានន័យថា ប៉េកាំងចង់ខ្ទប់ដង្ហើម ឬក៏ចង់ឃើញកូរ៉េខាងជើងដួលរលំនោះទេ។
គួរបញ្ជាក់ថា បើតាមក្រសួងការបរទេសអាមេរិក ទីក្រុងវ៉ាស៊ីនតោនមានគំរោងនឹងស្នើសុំឱ្យបិទបេសកកម្មការទូតទាំងអស់របស់កូរ៉េខាងជើង នៅទូទំាងពិភពលោក នៅអំឡុងកិច្ចប្រជុំពិសេសនៃក្រុមប្រឹក្សាសន្តិសុខ UN ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃសុក្រសប្ដាហ៍នេះ (ម៉ោងនៅក្នុងទីក្រុងញូយ៉ក)។ ដោយឡែកកាលពីថ្ងៃខួប១០៥ឆ្នាំ នៃបិតាស្ថាបនិក គីម អ៊ីលស៊ុង នោះកូរ៉េខាងមិនបានធ្វើតេស្តនុយក្លេអ៊ែរ ដូចការវិភាគរបស់អ្នកជំនាញនោះឡើយ ដែលនេះត្រូវបានគេចាប់អារម្មណ៍ថា ប្រទេសចិនពិតជាបានព្រមានកូរ៉េខាងជើងទុកមុន រួចជាស្រេច៕