(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកមានគំរោងនឹងស្នើសុំឱ្យបិទ បេសកកម្មការទូតទាំងអស់របស់កូរ៉េខាងជើង នៅទូទំាងពិភពលោក នៅអំឡុងកិច្ចប្រជុំពិសេស នៃក្រុមប្រឹក្សាសន្តិសុខ UN ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃសុក្រសប្ដាហ៍នេះ (ម៉ោងនៅក្នុងទីក្រុងញូយ៉ក)។ នេះបើតាមអ្នកនាំពាក្យក្រសួងការបរទេសអាមេរិក ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅព្រឹកថ្ងៃសុក្រ ទី២៨ ខែមេសា ឆ្នាំ២០១៧។
យោងតាមលោក Mark Toner អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បានឲ្យដឹងថា រដ្ឋមន្រ្តីការបរទេសអាមេរិក លោក រិច ធីល្លឺសុន នឹងធ្វើជាប្រធានដឹកនាំកិច្ចប្រជុំពិសេសថ្នាក់រដ្ឋមន្ត្រីនៃក្រុមប្រឹក្សាសន្តិសុខ ដើម្បីពិភាក្សាលើសំណុំរឿងនុយក្លេអ៊ែរកូរ៉ខាងជើង នៅក្នុងក្របខណ្ឌ នៃការពង្រឹងការគាំទ្រពីអន្តរជាតិ បង្កើនការដាក់សម្ពាធលើទីក្រុងព្យុងយ៉ាង សម្រាប់កម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលផោ្លង។
លោក Mark Toner បានបញ្ជាក់ដូច្នេះថា «មានជំរើសជាច្រើន ក៏ប៉ុន្តែក្នុងចំណោមជំរើសទំាងនេះ ក៏មានការដាក់ទណ្ឌកម្ម ហើយការធ្វើឱ្យឯកោនៃការទូតកូរ៉េខាងជើង ក៏ជាមធ្យោបាយមួយផងដែរ»។ ដោយឡែកឆ្លើយទៅនឹងសំណួរអ្នកសារព័ត៌មានដែលសួរថា តើទណ្ឌកម្មទំាងនោះរួមមានការបិទបេសកកម្មការទូតកូរ៉េខាងជើង នៅទូទំាងពិភពលោកដែរឬទេ? អ្នកនាំពាក្យរូបនេះបានតបថា «មាន»។ «ខ្ញុំគិតថា គំនិតនេះ គឺជាជំរើសមួយក្នុងមធ្យោបាយ ដែលអាចនឹងត្រូវធ្វើឡើងក្រោមវិធានការយ៉ាងតឹងរ៉ឹងបំផុត»។ នេះបើតាមសម្តីលោក Mark Toner។
គួររំលឹកថា កាលពីខែកញ្ញា ឆ្នាំ២០១៦ សហរដ្ឋអាមេរិកធ្លាប់បានស្នើសុំឱ្យបណ្ដាប្រទេសជុំវិញពិភពលោក កាត់បន្ថយ ឬក៏កាត់ផ្ដាច់ទំនាក់ទំនងការទូតជាមួយកូរ៉េខាងជើង បន្ទាប់ពីទីក្រុងព្យុងយ៉ាងសាកល្បងអាវុធនុយក្លេអ៊ែរជាលើកទី០៥ ក្នុងឆ្នាំដដែល។ ក៏ប៉ុន្តែផ្អែកលើស្ថានភាពជាក់ស្ដែងបើគ្មានជំនួយពីចិនគេពិបាកនឹងដោះស្រាយជាមួយកូរ៉េខាងជើងណាស់ ត្បិតចិនមានសិទ្ធិវ៉េតូ និងតែងតែការពាររបបដឹកនាំទីក្រុងព្យុងយ៉ាងជានិច្ច បើទោះជាខ្លួនសម្រេចចិត្តដាក់ទណ្ឌកម្មខ្លះ លើសម្ព័ន្ធមិត្តយូអង្វែងមួយនេះក៏ដោយ។ មួយវិញទៀតកូរ៉េខាងជើងបច្ចុប្បន្ន ក៏មិនមែនជាកូរ៉េខាងជើងដូចមុខដែរពោលគឺកូរ៉េខាងជើងនៅពេលនេះមានអាវុធនុយក្លេអ៊ែរនៅក្នុងដៃ ហើយសេដ្ឋកិច្ចក៏មិនសូវជាលំបាកប៉ុន្មានដែរ៕