(ព្យុងយ៉ាង)៖ មន្ត្រីជាន់ខ្ពស់របស់កូរ៉េខាងជើងកាន់តែច្រើនឡើងៗជាលំដាប់ ដែលចាប់ផ្តើមគិតថា មេដឹកនាំផ្តាច់ការកូរ៉េខាងជើងលោក គីម ជុងអ៊ុន ជាមេដឹកនាំទន់ខ្សោយម្នាក់ នេះបើយោងតាមការស្រាវជ្រាវថ្មីទើបចេញផ្សាយនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដោយវិទ្យាស្ថានស្រាវជ្រាវ Rand Corp ដោយលើកឡើងនូវសំដីរបស់មន្ត្រីជាន់ខ្ពស់មួយចំនួន ដែលបច្ចុប្បន្នភៀសមករស់នៅបរទេស។

«លោក គីម ជុងអ៊ុន កំពុងស្ថិតក្នុងក្រសែភ្នែករបស់មន្ត្រីជាន់ខ្ពស់ទាំងអស់ ក្នុងនាមជាមេដឹកនាំ ដែលគ្មានសមត្ថភាព មិនមែនជាមេដឹកនាំដ៏ល្អឡើយ នេះជាអ្វីដែលត្រូវបាន គេមើលឃើញក្នុងពេលបច្ចុប្បន្ន» នេះជាការលើកឡើងរបស់លោក Bruce Bennett អ្នកវិភាគជាន់ខ្ពស់ទៅលើវិស័យការពារជាតិ ប្រចាំវិទ្យាស្ថានស្រាវជ្រាវ Rand។

«ក្រៅពីការផលិតអាវុធ និងគ្រាប់មីស៊ីល លោក គីម ជុងអ៊ុន មិនបានធ្វើអ្វីផ្សេងដែលជួយជម្រុញអំណាច​របស់ខ្លួនទាល់តែសោះ» នេះជាការលើកឡើងរបស់លោក Bennett ដោយបានគូសបញ្ជាក់ថា ព្រឹត្តិការណ៍ក្នុងពេលថ្មីៗនេះ ជាក់ស្តែងដូចជាការសម្លាប់បងប្រុសឪពុករួមរបស់មេដឹកនាំ គីម ជុងអ៊ុន។

អ្វីដែលកាន់តែហួសចិត្តនោះគឺ ប្រសិនបើលោក គីម ស្លាប់ភ្លាមៗនោះ មន្ត្រីជាន់ខ្ពស់ទាំងអស់របស់កូរ៉េខាងជើង​ច្បាស់ជាមិនជ្រើសរើសអ្នកបន្តវេន ពីក្នុងចំណោមគ្រួសារត្រកូល គីម នោះឡើយ ដើម្បីបញ្ចប់អំណាចរបស់ពួកគេ ដែលបានអូសបន្លាយអស់រយៈពេលជិតពាក់កណ្តាលសតវត្សរ៍កន្លងទៅនេះ នេះបើយោងតាមការលើកឡើង របស់មន្ត្រីស្រាវជ្រាវរូបនេះ ដោយដកស្រង់សំដីមន្ត្រីជាច្រើនរូបដែលបានភៀសខ្លួនចេញពីកូរ៉េខាងជើងបានសម្រេច។

«មន្ត្រីទាំងនោះ កំពុងពិចារណាឈានទៅរកចំណុចចាប់ផ្តើមជាថ្មី ដោយពួកគេអាចនឹងសម្លឹងមើលគម្រូនៃ​ទម្រង់សេដ្ឋកិច្ចដូចជាប្រទេសចិនជាដើម ដែលកន្លងមកចិន ធ្លាប់បានស្នើពួកគេឱ្យធ្វើបែបនេះ»។ សូមជម្រាបថា ជាងពីរ ភាគបីនៃពាណិជ្ចកម្មកូរ៉េខាងជើង ត្រូវបានធ្វើទំនាក់ទំនងជាមួយចិន ដែលផ្តល់ឱ្យចិននូវអំណាចសេដ្ឋកិច្ច គ្របដណ្តប់លើប្រទេសដ៏ព្រៃផ្សៃមួយនេះ។

ដោយឡែកមេដឹកនាំកូរ៉េខាងត្បូងវិញ ក៏បានបង្ហាញការគាំទ្រទៅលើការបង្រួបបង្រួមឧបទ្វីបកូរ៉េទាំងពីរផងដែរ ប៉ុន្តែត្រូវបានភាគខាងជើងប្រឆាំងយ៉ាងដាច់អហង្ការ។តាមរយៈការស្រាវជ្រាវ និងបទសម្ភាសន៍នេះ លោក Bennett ជឿជាក់ថា ភាគីទាំងពីរអាចរៀបចំក្នុងការបង្រួបបង្រួមប្រទេសទាំងពីរបានយ៉ាងមានប្រសិទ្ធភាគ ដោយការជម្រុញទៅលើប្រាំវិស័យ។ អ្វីដែលសំខាន់ត្រូវយកឈ្នះលើចិត្តមន្ត្រីជាន់ខ្ពស់ទាំងនោះ ដែលបច្ចុប្បន្នកំពុងសម្លឹងឃើញថា ពួកគេគ្មានអនាគតល្អឡើយ ក្នុងបន្តស្ថិតក្រោមអំណាចរបស់ត្រកូល គីម។ ហេតុនេះកូរ៉េខាងត្បូង គួរតែបង្ហាញការគាំទ្រទៅលើមន្ត្រីសំខាន់ៗទាំងដោយ៖

១៖ ជួយរក្សាសន្តិសុខ និងសុវត្ថិភាពមន្ត្រីមួយរូបៗ
២៖ ផ្តល់តួនាទីសំខាន់ៗដល់មន្ត្រីគ្រប់រូប
៣៖ ផ្តល់ទ្រព្យសម្បត្តិ
៤៖  ផ្តល់តួនាទី និងរក្សាសុវត្ថិភាពដល់សមាជិកគ្រួសារមន្ត្រីទាំងនោះ
៥៖ ផ្តល់កិត្តិយសសម្រាប់ពួកគេរស់នៅក្នុងសង្គម

ខណៈដែលភាពតានតឹងបានកើតឡើងរវាងប្រទេសមហាអំណាចអាមេរិក និងកូរ៉េខាងជើង កាលពីប៉ុន្មានសប្តាហ៍កន្លងទៅនេះ ប្រធានាធិបតីអាមេរិក លោក ត្រាំ មានបំណងចង់ដាក់សម្ពាធទៅលើប្រទេស កូរ៉េខាងជើង លើផ្នែកសេដ្ឋកិច្ច និងការទូត ដើម្បីបញ្ឈប់ការគំរាមកំហែងអាវុធនុយក្លេអ៊ែរ។ ទន្ទឹមនឹងនេះដែរសហរដ្ឋអាមេរិក ក៏ត្រៀមជាស្រេចក្នុងការការពារសុវត្ថិភាពផ្ទាល់ខ្លួន និងសម្ព័ន្ធមិត្តផងដែរ» នេះជាការលើកឡើងរបស់មន្ត្រីកំពូលរបស់រដ្ឋាភិបាលអាមេរិក ថ្លែងក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃពុធកន្លងទៅនេះ។

តើវាអាចចាត់ទុកជារឿងអាសន្នសម្រាប់របបកុម្មុយនីសកូរ៉េខាងជើងដែរឬទេ នៅពេលដែលមេដឹកនាំផ្តាច់ការរូបត្រូវបានបាត់បង់ជំនឿពីសំណាក់មន្ត្រីជាន់ខ្ពស់ទាំងអស់នោះ?

បកប្រែ និងសម្រួលដោយ៖ អ៊ឹត ចណ្ណា