(ម៉ានីល)៖ កូរ៉េខាងជើង បានសុំអង្វរទៅកាន់បណ្តាប្រទេសតំបន់អាស៊ានគាំទ្រខ្លួន ខណៈមានជម្លោះជាមួយសហរដ្ឋអាមេរិក ដើម្បីការពារនូវអ្វីដែលខ្លួនបានព្រមានថា នឹងអាចមាន «មហាហានិភ័យនុយក្លេអ៊ែ» កើតឡើង។ នេះបើតាមលិខិតមួយដែលបានចេញផ្សាយ ដោយសារព័ត៌មាន AFP នាយប់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧នេះ។
នៅក្នុងលិខិតផ្ញើទៅកាន់ អគ្គលេខាធិការសមាគមប្រជាជាតិអាស៊ាន, លោក Ri Yong-Ho រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង បានព្រមានថា ស្ថានភាពនៅឧបទ្វីបកូរ៉េ «អាចនឹងឈានដល់ការផ្ទុះសង្គ្រាម» ដោយសារតែសកម្មភាពរបស់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន។
លោករដ្ឋមន្ត្រីបានជម្រុញឲ្យអគ្គលេខាធិការអាស៊ាន បញ្ជាក់ប្រាប់ទៅកាន់ក្រុមរដ្ឋមន្ត្រី នៃប្រទេសអាស៊ានទាំង១០ អំពីស្ថានភាពដ៏អាក្រក់នៅឧបទ្វីបកូរ៉េ ហើយផ្តល់ឲ្យ ពួកគេនូវសំណើរដ៏សមរម្យមួយ ហើយលោករដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង ក៏បានរិះគន់ចំពោះការធ្វើសមយុទ្ធយោធារួមគ្នារវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងផងដែរ។
ភាពតានតឹងបានកើនឡើងនៅក្នុងតំបន់ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ក្រោយពីការបាញ់សាកល្បងគ្រាប់មីស៊ីល របស់កូរ៉េខាងជើង និងការគម្រាមយ៉ាងម៉ឹងម៉ាត់ ពីរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ទៅលើកម្មវិធីអាវុធនុយក្លេអ៊ែ របស់ប្រទេសផ្តាច់ការកូរ៉េខាងជើង។
សូមជម្រាបថា លិខិតថតចម្លងមួយសន្លឹករបស់កូរ៉េខាងជើង ចេញផ្សាយនៅថ្ងៃទី២៣ ខែមីនា ដែលសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍តនេះ គឺមុនពេលដែលមានកិច្ចប្រជុំ កំពូលអាស៊ាន លើកទី៣០ ដែលនឹងធ្វើឡើងនៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ នារដ្ឋធានី Manila របស់ហ្វីលីពីន ជាកន្លែងដែលត្រូវបានគេរំពឹងថា នឹងពិភាក្សាលើបញ្ហា នៅឧបទ្វីបកូរ៉េខាងនេះ៕