(ពិភពលោក)៖ នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែមេសា ឆ្នាំ២០១៧នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗជាច្រើនបានកើតឡើង។ ចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះសូមទស្សនាដូចខាងក្រោម៖

១៖ កងទ័ពអ៊ីស្រាអែល នៅថ្ងៃព្រហស្បតិ៍នេះ​ បានដឹកនាំការវាយប្រហារតាមផ្លូវអាកាស​លើឃ្លំាងស្ដុកអាវុធ​ របស់ក្រុមឧទ្ទាមហេសប៊ូលឡា នៅក្បែរ អាកាសយានដ្ឋាន​ទីក្រុងដាម៉ាស់ ប្រទេសស៊ីរី។ ក៏ប៉ុន្តែ នេះមិនមែនជាលើកទីមួយទេ ដែលអ៊ីស្រាអែល វាយប្រហារតាមផ្លូវអាកាសនៅស៊ីរី ពោលគឺបើ ទោះជាធ្លាប់អះអាងពីនយោបាយអព្យាក្រឹតក៏ដោយ ក៏ទីក្រុងតែលអាវីវ ម្ដងម្កាល តែងតែដឹកនាំការវាយប្រហារនៅស៊ីរី ដើម្បីកម្ទេចឃ្លាំងស្ដុកអាវុធឬក្បួន រថយន្ដដឹកអាវុធឱ្យក្រុមឧទ្ទាមហេសប៊ូលឡា ដែលជាសត្រូវស៊ូពូជរបស់ខ្លួន៕

២៖ ប្រឈមមុខនឹងការគំរាមកំហែងពីកូរ៉េខាងជើង សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង កាន់តែប្រញាប់ញាល ក្នុងការដាក់ឱ្យដំណើរការប្រព័ន្ធខែលការពារ មីស៊ីល THAAD​ បើទោះជាចិន និងរុស្ស៊ីបានសម្ដែងការជំទាស់​យ៉ាងខ្លាំង ក្រោមហេតុផល​សន្តិសុខជាតិក៏ដោយ។ បើតាមទីក្រុងសេអ៊ូល THAAD​ នឹង ត្រូវដាក់ឱ្យដំណើរយ៉ាងពិតប្រាកដ នាពេលដ៏ខ្លីខាងមុខនេះ៕

៣៖ បន្ទាប់ពីផ្ទុះហេតុការណ៍អូសទាញអ្នកដំណើរម្នាក់ទាំងកម្រោល ចេញពីលើយន្តហោះ ដែលបានធ្វើឲ្យកក្រើក​បណ្តាញ​ទំនាក់​ទំនងសង្គម​ នាពេលថ្មី ៗនេះ នៅទីបំផុតក្រុមហ៊ុនអាកាសចរណ៍អាមេរិក United Airlines បានសម្រេចផ្លាស់ប្តូរគោលការណ៍មួយចំនួនរបស់ខ្លួន ហើយថែមទាំងបានប្រកាសថា​ នឹងផ្តល់​ប្រាក់រហូតដល់ទៅ ១០,០០០ដុល្លារ សម្រាប់អ្នកដំណើរណា ដែលស្ម័គ្រចិត្តផ្តល់កន្លែងអង្គុយ​ នៅក្នុងករណីចំាបាច់ តម្រូវឱ្យផ្ដល់ដល់បុគ្គលិក របស់ខ្លួន៕

៤៖ ខណៈកំពុងមានភាពតានតឹងនិងដើម្បីកំញើញកូរ៉េខាងជើង កងទ័ពជើងអាកាសរបស់សហរដ្ឋអាមេរិក បានធ្វើតេស្តសាកល្បងដោយជោគជ័យប្រព័ន្ធ មីស៊ីលផ្លោងអន្តរទ្វីប (ឆ្លងទ្វីប) Minuteman III ដែល​មានបំពាក់នូវក្បាល​គ្រាប់នុយក្លេអ៊ែរ ដោយវា​អាចហោះ​ទៅ​កាន់​គោល​ដៅ​​បានចម្ងាយ ៦,៧៦០គីឡូម៉ែត្រ៕

៥៖កងកម្លាំងគាំទ្ររដ្ឋាភិបាលអ៊ីរ៉ាក់ Hashd Shaabi ឬហៅថា «ចលនាប្រជាជន» បានវាយដណ្ដើមយកទីក្រុងបុរាណ Hatra ស្ថិតនៅតំបន់វាយខ្សាច់នៃ ភាគអាគ្នេយ៍ទីក្រុងម៉ូស៊ុលពីពួក ISIS មកវិញ បន្ទាប់ពីការវាយប្រយុទ្ធគ្នាអស់រយៈពេលជាច្រើនម៉ោងកាលពីថ្ងៃពុធ៕

៦៖ ខណៈសហរដ្ឋអាមេរិក កំពុងបន្តដើរតាមគន្លងយុទ្ធសាស្ត្រ គ្រប់គ្រងពិភពលោកទំាងមូល តាមរយៈ​ការអភិវឌ្ឍ និងដាក់ពង្រាយប្រព័ន្ធខែលការពារ មីស៊ីលនៅអឺរ៉ុបនិងតំបន់អាស៊ីប៉ាស៊ីហ្វិក មេបញ្ជាការយោធារុស្ស៊ីលោក Viktor Poznikhir បានព្រមានទុកមុនថា រុស្ស៊ីគួរតែត្រៀមខ្លួនទប់ទល់ការវាយ ប្រហារនុយក្លេអ៊ែរ របស់សហរដ្ឋអាមេរិក នៅថ្ងៃណាមួយ៕