(ម៉ូស្គូ)៖ នាវាឈ្លបយកការណ៍របស់កងទ័ពជើងទឹកនៃប្រទេសរុស្ស៊ីចំនួនមួយគ្រឿង បានលិចចូលទៅក្នុងផ្ទៃសមុទ្រខ្មៅ ក្បែរច្រកសមុទ្រ Bosporus នៃប្រទេសតួកគី បន្ទាប់ពីបានប៉ះទង្គិចគ្នាជាមួយកប៉ាល់មួយគ្រឿងផ្សេងទៀត ដែលត្រូវបានគេរាយការណ៍ថាជារបស់ប្រទេសតូហ្គូ ដែលស្ថិតក្នុងតំបន់អាហ្រ្វិកខាងលិច តែជាសំណាងល្អមនុស្សទាំង៧៨នាក់ ដែលមានវត្តមាននៅលើនាវាឈ្លបការណ៍នោះត្រូវគេជួយសង្រ្គោះឲ្យរួចរស់ជីវិតបានទាន់ពេលវេលា។ នេះបើតាមការចេញផ្សាយដោយសាររុស្ស៊ី Russia Today (RT) នៅយប់ថ្ងៃព្រហស្បតិ៍ ទី២៧ ខែមេសា ឆ្នាំ២០១៧។
យោងតាមក្រសួងការពារជាតិរុស្ស៊ី តួខ្លួននៃនាវាឈ្លបយកការណ៍ទម្ងន់១,៥៦០ តោនរបស់កងអង្គភាពសមុទ្រខ្មៅនៃប្រទេសរុស្ស៊ី មានឈ្មោះ The Liman បានលិចធ្លាយនៅក្រោមផ្ទៃទឹកនៅក្នុងការប៉ះទង្គិចគ្នានោះ។ ហើយក្រោយមកមនុស្សសរុបចំនួន៧៨នាក់នៅលើនាវារុស្ស៊ីនេះក៏ត្រូវបានកងឆ្មាំសមុទ្ររបស់តួកគីជួយសង្រ្គោះភ្លាមៗផងដែរ និងកំពុងរៀបចំបញ្ជូនទៅកាន់ប្រទេសរុស្ស៊ីវិញ។
គួរបញ្ជាក់ថា កប៉ាល់មួយគ្រឿងផ្សេងទៀតមានឈ្មោះថា Youzarsif H ដែលជាកប៉ាល់ដឹកទំនិញនោះ បានទទួលរងការខូចខាតបន្តិចបន្តួចប៉ុណ្ណោះ ខណៈមូលហេតុដែលបានបណ្តាលឲ្យមានហេតុការណ៍ប៉ះទង្គិចគ្នានៃនាវាទាំងពីរគ្រឿងនេះ ពុំទាន់ត្រូវបានដឹងច្បាស់នៅឡើយនោះទេ ក៏ប៉ុន្តែមានសេចក្តីរាយការណ៍មួយចំនួនអះអាងថា ការចុះអ័ព្ទនិងភាពមើលឃើញកម្រិតទាបគឺជាកត្តាបង្កហេតុ៕