(ប៉ារីស)៖ ក្រសួងការបរទេសស៊ីរីបានថ្កោលទោស ចំពោះអ្វីដែលរដ្ឋាភិបាលបារាំងបានអះអាងថា រដ្ឋាភិបាលស៊ីរីបានប្រើប្រាស់អាវុធគីមី សម្លាប់មនុស្ស៨៧នាក់កាលពីថ្ងៃទី០៤ ខែមេសាកន្លងទៅ នៅឯភាគខាងជើងប្រទេសស៊ីរី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួរ នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២៧ ខែមេសា ឆ្នាំ២០១៧។
ផ្អែកលើព័ត៌មានដែលទីភ្នាក់ងារស៊ើបការណ៍សម្ងាត់បារាំងទទួលបាន រដ្ឋមន្ត្រីការបរទេសបារាំង លោក Jean-Marc Ayrault បាននិយាយចំៗតែម្ដងកាលពីថ្ងៃពុធថា កងកម្លំាងរដ្ឋាបាលស៊ីរី របស់ប្រធានាធិបតីលោក បាស្សា អាល់ អាស្សាដ ពិតជាបានប្រើប្រាស់អាវុធគីមី ត្បិតសារធាតុគីមី ប្រភេទសារីន (Sarin) ដែលត្រូវបានគេប្រើប្រាស់គឺជាប្រភេទតែមួយនៃសារធាតុគីមី ដែលផលិតឡើងដោយមន្ទីរពិសោធន៍ស៊ីរី។ ក៏ប៉ុន្តែជុំវិញការអះអាងនេះដែរ ក្រសួងការបរទេសស៊ីរី នៅថ្ងៃព្រហស្បតិ៍នេះបានថ្កោលទោស និងបញ្ជាក់ថា ការលើកឡើងរបស់បារាំង គឺជារឿងកុហកទំាងស្រុង និងគ្រាន់តែចង់បិទបាំងអ្នកប្រព្រឹត្តបទឧក្រិដ្ឋពិតប្រាកដតែប៉ុណ្ណោះ។
គួរបញ្ជាក់ថា ការវាយប្រហារដោយអាវុធគីមីនៅទីក្រុង Khan Sheikhoun ក្នុងខេត្ត Idlib បានផ្ដាច់យកអាយុជីវិត ប្រជាជនស៊ីវិល៨៧នាក់ក្នុងនោះរួមមានទាំងកុមារជាច្រើននាក់ ហើយវាបានបង្កជាការតក់ស្លុតជាខ្លាំងនៅទូទំាងពិភពលោក ព្រមទំាងជម្រុញឱ្យទីក្រុងវ៉ាស៊ីនតោន បើកការវាយប្រហារលើមូលដ្ឋានទ័ពអាកាសស៊ីរី។ ម្យ៉ាងវិញទៀតវាគឺជាលើកដំបូងបំផុតផងដែរ ដែលសហរដ្ឋអាមេរិក ប្រើប្រាស់កម្លាំងយោធាដោយផ្ទាល់ប្រឆាំងនឹងកងកម្លាំងរដ្ឋាភិបាលស៊ីរី៕