(ព្យុងយ៉ាង)៖ រដ្ឋាភិបាលកូរ៉េខាងជើង ធ្លាប់បានចេញការអនុញ្ញាតដោយស្ងៀមស្ងាត់ ចំពោះគំរោងនៃការពង្រីកវិសាលភាពទីផ្សារសេដ្ឋកិច្ច សម្រាប់រយៈពេលជាច្រើនឆ្នាំទៅខាងមុខ ដោយសារតែទំហំទីផ្សារក្នុងស្រុកបាន និងកំពុងតែរីកធំធាត់ឡើងៗ។ នេះបើតាមរបាយការណ៍ថ្មីមួយ ដែលត្រូវបានដកស្រង់ដោយទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យុនហ៉ាប់ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៧ ខែមេសា ឆ្នាំ២០១៧។
របាយការណ៍បោះពុម្ពផ្សាយដោយវិទ្យាស្ថានជាតិអភិវឌ្ឍន៍កូរ៉េ KDI នៃប្រទេសកូរ៉េខាងត្បូង បានឲ្យដឹងយ៉ាងដូច្នេះថា «ចាប់តាំងតែពីមេដឹកនាំកំពូលបច្ចុប្បន្នលោក គីម ជុងអ៊ុន បានឡើងកាន់អំណាចមក អាជ្ញាធរក៏ដូចជាបណ្តាមន្រ្តីនៃប្រទេសកូរ៉េខាងជើង បានផ្តល់ការអនុញ្ញាតយ៉ាងស្ងៀមស្ងាត់ ចំពោះការអនុវត្តន៍នូវចំណុច និងកត្តាសំខាន់ខ្លះៗនៃសកម្មភាពនានាក្នុងទីផ្សារសេដ្ឋកិច្ច ដែលជាហេតុបាននាំទៅរកការកើនឡើង នៃទំហំទីផ្សារនៅក្នុងស្រុកបែបនេះ»។
ដោយហេតុតែរដ្ឋាភិបាលទីក្រុងព្យុងយ៉ាង មិនបានដាក់សម្ពាធ និងកំហិតទៅលើសកម្មភាពទីផ្សារ ទើបទំហំទីផ្សារនៅក្នុងប្រទេសនេះ បានរីកចម្រើនលូតលាស់ក្នុងកម្រិតយ៉ាងល្អប្រសើរ ខណៈវិស័យឯកជនក៏ទទួលបានកំណើនក្នុងអត្រាសមរម្យ រួមជាមួយវិស័យសាធារណៈផងដែរ។ បន្ថែមពីនេះរបាយការណ៍របស់វិទ្យាស្ថាន KDI បានបញ្ជាក់ទៀតថា សព្វថ្ងៃរថយន្តតាក់ស៊ីនៅក្នុងរដ្ឋធានីព្យុងយ៉ាងមានចំនួន ១,៥០០គ្រឿង ដោយតម្លៃគោលរបស់ពួកគេត្រូវបានកំណត់នៅត្រឹមពីរដុល្លារ និង០.៥៦ដុល្លារបន្ថែមទៀត សម្រាប់រៀងរាល់ចម្ងាយមួយគីឡូម៉ែត្រ។
បន្ថែមពីនេះទៀតឱសថស្ថានឯកជន ក៏អាចបើកមុខរបររកស៊ីបានថែមទៀតផង បន្ទាប់ពីទទួលបានអាជ្ញាប័ណ្ណទទួលស្គាល់ពីរដ្ឋាភិបាល។ លើសពីនេះទៀតកូរ៉េខាងជើង ក៏ទំនងជាបានដកបំរាមលើការធ្វើពាណិជ្ជកម្មសាច់គោផងដែរ ដោយសារប្រជាពលរដ្ឋអាចទិញផលិតផលសាច់គោពីទីផ្សារបានយ៉ាងងាយស្រួល។
គួរបញ្ជាក់ថា យោងតាមរបាយការណ៍ដដែលខាងលើនេះ ទីផ្សាររបស់ប្រទេសកូរ៉េខាងជើង ត្រូវបានរំពឹងថា នឹងបង្កពង្រីកខ្លួនបន្ថែមទៀតស្របពេលដែលរដ្ឋាភិបាលទីក្រុងព្យុងយ៉ាង យល់ឃើលថា ទីផ្សារពិតជាមានសារៈប្រយោជន៍ខ្លាំងចំពោះរបបដឹកនាំរបស់ខ្លួនជាជាងចាត់ទុកពួកវាគឺជាការគំរាមកំហែងដ៏ធំមួយវិញនោះ៕