(សេអ៊ូល)៖ ក្រសួងការពារជាតិកូរ៉េខាងត្បូងនៅថ្ងៃព្រហស្បតិ៍នេះបានឱ្យដឹងថា ប្រព័ន្ធខែលការពារមីស៊ីល THAAD នឹងត្រូវបានដាក់ឲ្យដំណើរការក្នុងពេលឆាប់ៗនេះ ដើម្បីទប់ទល់នឹងការគំរាមកំហែងដោយមីស៊ីផ្លោងរបស់កូរ៉េខាងជើង ខណៈប្រទេសចិន និងរុស្ស៊ីបានសម្ដែងការជំទាស់យ៉ាងខ្លាំងក្លានឹង គំរោងដំឡើង THAAD ក្រោមហេតុផលសន្តិសុខជាតិរបស់ពួកគេ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៧ ខែមេសា ឆ្នាំ២០១៧។
ជាមួយគ្នានោះដែរឧត្តមនាវីឯកអាមេរិក លោក ហារី ហារីស (Harry Harris) មេបញ្ជាការកងទ័ពជើងទឹកអាមេរិកប្រចំាតំបន់ប៉ាស៊ីហ្វិក ក៏បានបញ្ជាក់នៅចំពោះមុខសភាអាមេរិកដែរថា THAAD នឹងត្រូវដាក់ឱ្យដំណើរការនៅរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។ ដោយឡែកនៅពេលអ្នកសារព័ត៌មានសួរ បញ្ជាក់ពីការលើកឡើងរបស់លោក ហារី អ្នកនាំពាក្យក្រសួងការពារ ជាតិកូរ៉េខាងត្បូង លោក មូន សាងឃ្យុន (Moon Sang-gyun) នៅតែអះអាងដូចគ្នាថា វាគឺការពិតដោយលោកលើកឡើងយ៉ាងដូច្នេះថា «THAAD នឹងត្រូវដាក់ឱ្យដំណើរការយ៉ាងពិតប្រាកដក្នុងពេលដ៏ខ្លីខាងមុខនេះ ហើយការតំឡើង THAAD មានន័យថា កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក នឹងមានសមត្ថភាពទប់ទល់ការបង្ករឿងពីកូរ៉េខាងជើង»។
គួរបញ្ជាក់ថា ក្រៅតែពីចិន និងរុស្ស៊ីប្រជាជនកូរ៉េខាងត្បូងរស់នៅក្នុងតំបន់ Seongju នៃខេត្ត Gyeongsang ខាងជើង ជាទីដែលត្រូវដាក់ពង្រាយ THAAD បានជំទាស់យ៉ាងខ្លាំងនឹងគំរោងនេះ ដោយពួកគេយល់ថា វានឹងបង្កការប៉ះពាល់ ដល់សុខភាព និងបរិស្ថានក៏ដូចជា បង្កជម្លោះជាមួយកូរ៉េខាងជើងរឹតតែខ្លាំង។ ទោះជាបែបនេះក្តីទីក្រុងវ៉ាស៊ីនតោន និងទីក្រុងសេអ៊ូល បន្តអះអាងថា ពួកគេនឹងធ្វើការសិក្សារួមគ្នាពាក់ព័ន្ធនឹងបញ្ហាបរិស្ថាន និងសុខភាពប្រជាជននៅក្នុងតំបន់ ហើយសម្រាប់ THAAD នេះគឺមានគោលដៅតែទៅលើទីក្រុងព្យុងយ៉ាងតែមួយគត់៕