(ដាម៉ាស់)៖ កងទ័ពអ៊ីស្រាអែលនៅថ្ងៃព្រហស្បតិ៍នេះ បានដឹកនាំការវាយប្រហារតាមផ្លូវអាកាសលើឃ្លំាងស្ដុកអាវុធរបស់ក្រុមឧទ្ទាមហេសប៊ូលឡា នៅក្បែរអាកាសយានដ្ឋានទីក្រុងដាម៉ាស់ប្រទេសស៊ីរី ខណៈក្រុមឧទ្ទាមមួយនេះក៏បានអះអាងដែរថា ហេតុការណ៍ផ្ទុះដ៏ខ្លាំងមួយក្នុងទីក្រុងដាម៉ាស់ គឺបណ្ដាលមកពីការវាយប្រហាររបស់អ៊ីស្រាអែលតែម្ដង។ នេះបើតាមប្រភពពីទីភ្នាក់ងារចារកកម្មនៅក្នុងតំបន់ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៧ ខែមេសា ឆ្នាំ២០១៧។
ប្រភពដដែលបានឱ្យដឹងទៀតថា ឃ្លំាងស្ដុកអាវុធខាងលើត្រូវបានអ៊ីរ៉ង់ ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់ របស់ប្រធានាធិបតីស៊ីរី បាស្សា អាល់ អាស្សាដ ប្រើប្រាស់ក្នុងការដឹកជញ្ជូនអាវុធឱ្យក្រុមឧទ្ទាមហេសប៊ូលឡា ដែលមានក្រុមអ្នកប្រយុទ្ធរាប់ពាន់នាក់ កំពុងជួយកងកម្លាំងរដ្ឋាភិបាលស៊ីរី ប្រយុទ្ធប្រឆាំងនឹងក្រុមប្រឆាំងស៊ីរី គំាទ្រដោយសហរដ្ឋអាមេរិក។ ប៉ុន្តែព្រមពេលមួយគ្នា ប្រភពនេះមិនបានបញ្ជាក់ព័ត៌មានលម្អិតបន្ថែមនោះឡើយ។
គួរបញ្ជាក់ថា នេះមិនមែនជាលើកទីមួយឡើយ ដែលអ៊ីស្រាអែលធ្វើប្រតិបត្តិការយោធានៅស៊ីរី បើទោះជាអ៊ីស្រាអែលធ្លាប់បានអះអាងពី នយោបាយអព្យាក្រឹតរបស់ខ្លួនចំពោះសង្រ្គាមស៊ីរីក៏ដោយ។ ក៏ប៉ុន្តែម្ដងម្កាលទីក្រុងតែលអាវីវ តែងតែបើកការវាយប្រហារតាមផ្លូវអាកាស នៅលើទឹកដីស៊ីរី ដោយមានគោលបំណងបំផ្លាញឃ្លំាងស្ដុក ឬក្បួនដឹកជញ្ជូនអាវុធរបស់ក្រុមហេសប៊ូលឡា៕