(វ៉ាស៊ីនតោន)៖ បន្ទាប់ពីផ្ទុះហេតុការណ៍អូសទាញអ្នកដំណើរម្នាក់ទាំងកម្រោល ចេញពីលើយន្តហោះ ដែលបានធ្វើឲ្យកក្រើកបណ្តាញទំនាក់ទំនងសង្គម កាលពីពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ ទីបំផុតក្រុមហ៊ុនអាកាសចរណ៍អាមេរិក United Airlines បានសម្រេចផ្លាស់ប្តូរគោលការណ៍មួយ ចំនួនរបស់ខ្លួន ហើយថែមទាំងបានប្រកាសថា នឹងផ្តល់ប្រាក់រហូតដល់ទៅ ១០,០០០ដុល្លារ សម្រាប់អ្នកដំណើរណា ដែលស្ម័គ្រចិត្តផ្តល់កន្លែងអង្គុយនៅក្នុងករណីចំាបាច់ទៅដល់បុគ្គលិកអាកាសចរណ៍ ដែលមិនអាចជៀសវាងបានក្នុងការឡើងជិះលើយន្តហោះ ដែលមានអ្នកដំណើរពេញទៅហើយនោះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Los Angeles Times នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៧ ខែមេសា ឆ្នាំ២០១៧។
បន្ទាប់ពីនាយកប្រតិបត្តិ (CEO) United Airlines បានចេញមុខសូមទោសជាសាធារណៈ នៅពេលនេះក្រុមហ៊ុនអាកាសចរណ៍ដែលមានមូលដ្ឋាន ក្នុងទីក្រុង Chicago នេះ កំពុងកែសម្រួលគោលការណ៍ចំនួន១០ចំណុច ដើម្បីឆ្លើយតបទៅនឹងការខឹងសម្បារជាខ្លាំងរបស់មហាជន ជុំវិញហេតុការណ៍កាលពីថ្ងៃទី០៩ ខែមេសា ដែលត្រូវបានអ្នកដំណើរដទៃទៀតថតយកសកម្មភាពបាន។
ម្យ៉ាងវិញទៀត ការសម្រេចចិត្តនេះ ធ្វើឡើងក្រោយពីក្រុមហ៊ុន ជាគូរប្រជែង Delta Airlines ក៏មានគំរោងនឹងផ្ដល់ប្រាក់ជំងឺចិត្ត ៩,៩៥០ដុល្លារ នៅក្នុងករណីតម្រូវឱ្យអ្នកដំណើរបោះបង់កៅអីអង្គុយ ដែលប្រការដែលនឹងកម្រកើតមានឡើងនេះ គឺក្នុងករណីដែលអាកាចរណ៍ចង់ផ្តល់កៅអីសម្រាប់បុគ្គលិករបស់ខ្លួនវិញ នៅពេលដែលយន្តហោះត្រូវបានអ្នកដំណើរជិះពេញមិនសេសសល់ ដែលវាជាការធ្វើឡើងដោយការស្ម័គ្រចិត្ត ប៉ុន្តែនឹងមិនឲ្យករណីដូចការបង្ខិតបង្ខំលើកមុននោះកើតមានឡើងទៀតឡើយ។
គួររំលឹកថា ក្រុមភ្នាក់ងារសន្តិសុខរបស់ United Airlines បានចាប់អូសអ្នកដំណើរសញ្ជាតិអាមេរិក មានដើមកំណើតវៀតណាមម្នាក់ឈ្មោះ David Dao យ៉ាងព្រៃផ្សៃចេញពីកៅអីអង្គុយ បន្ទាប់ពីរូបលោកបានបដិសេធមិនព្រមផ្ដល់កៅអីអង្គុយដល់បុគ្គលិករបស់ក្រុមហ៊ុន តាមការស្នើរបស់ពួកគេ។ ក៏ប៉ុន្តែ បន្ទាប់ពីវិដេអូបង្ហាញពីសកម្មភាពដ៏អាក្រក់ខាងលើនេះ បានផ្ទុះឡើងក្នុងបណ្តាញទំនាក់ទំនងសង្គម ភាគហ៊ុនរបស់ក្រុមហ៊ុនអាកាសចរណ៍ United Airline បានធ្លាក់ចុះដល់ទៅ០៦ភាគរយ ឬស្មើនឹង ១.៤ពាន់លានដុល្លារភ្លាមៗ ហើយក្រោយពីមានការខឹងសម្បារ និងរិះគន់យ៉ាងខ្លាំងក្លាពីសំណាក់មជ្ឈដ្ឋានសាធារណៈ នាយកប្រតិបត្តិនៃក្រុមហ៊ុនអាកាសចរណ៍ United Airline ក៏បានចេញមុខសូមអភ័យទោសចំពោះហេតុការណ៍នេះថា មិនគួរឲ្យកើតមានឡើងនោះឡើយ ខណៈប៉ុន្មានថ្ងៃក្រោយមក ភ្នាក់ងារសន្តិសុខបីនាក់របស់អាកាសចរណ៍ ត្រូវបានបណ្តេញចេញពីការងារ៕