(វ៉ាស៊ីនតោន)៖ យោងតាមកងទ័ពជើងអាកាសរបស់សហរដ្ឋអាមេរិក ការធ្វើតេស្តប្រព័ន្ធមីស៊ីលផ្លោង អន្តរទ្វីប (ឆ្លងទ្វីប) Minuteman III ដែលមានបំពាក់នូវក្បាលគ្រាប់នុយក្លេអ៊ែរ តែមិនផ្ទុកជាតិផ្ទុះមួយគ្រាប់ផងដែរនោះ បានប្រព្រឹត្តទៅដោយជោគជ័យ ដោយក្បាលគ្រាប់នោះហោះទៅកាន់គោលដៅបានចម្ងាយ ៦,៧៦០គីឡូម៉ែត្រ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែមេសា ឆ្នាំ២០១៧។
មីស៊ីលផ្លោងខាងលើនេះ ត្រូវបានបាញ់ចេញពីមូលដ្ឋានទ័ពអាកាស Vandenberg Air Force ស្ថិតក្នុងរដ្ឋកាលីហ្វរញ៉ា ខណៈអ្នកនាំពាក្យទីបញ្ជាការទ័ពជើងអាកាសអាមេរិ បានអះអាងនៅមុនការធ្វើតេស្តថា វាពុំមានជាប់ពាក់ព័ន្ធអ្វីជាមួយនឹងភាពតឹងតែងដែលកំពុងកើនឡើងនៅតំបន់ឧបទ្វីបកូរ៉េនោះឡើយ ដោយហេតុតែការធ្វើតេស្តនេះ ត្រូវបានគ្រោងរៀបចំតាំងពីមួយឆ្នាំមុនមកម្ល៉េះ។
ខណៈពេលនោះដែរមេទ័ពអាមេរិកម្នាក់បានលើកឡើងយ៉ាងដូច្នេះថា «ការបាញ់បង្ហោះមីស៊ីលប្រភេទ Minuteman ទាំងនេះមានសារៈសំខាន់ខ្លាំងណាស់ ក្នុងបញ្ជាក់អះអាងអំពីស្ថានភាពនៃកម្លាំងអាវុធនុយក្លេអ៊ែរជាតិ និងដើម្បីសម្តែងអំពីសមត្ថភាពក៏ដូចជាអានុភាព នៃអាវុធនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក ហើយវាក៏ជាសញ្ញាមួយប្រាប់ទៅដល់សត្រូវរបស់យើងនានាផងដែរ»។
ជុំវិញរឿងនេះអ្នកជំនាញផ្នែកយោធាម្នាក់របស់ប្រទេសរុស្ស៊ី បានបញ្ចេញមតិយោបល់ផងដែរថា ការធ្វើតេស្តបាញ់សាកល្បង មីស៊ីលផ្លោងអន្តរទ្វីប ដែលមានបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរនេះ ពិតជាមើលទៅប្រៀបដូចជាសកម្មភាពតំឡើងសាច់ដុំរបស់សហរដ្ឋអាមេរិក នៅចំពោះមុខភាពតានតឹងដែលកំពុងកើនឡើងជាមួយកូរ៉េខាងជើង ដោយសម្អាងលើហេតុផលថា ទីក្រុងវ៉ាស៊ីនតោន នៅតែបន្តពង្រាយវត្តមាននៃកម្លាំងយោធារបស់ខ្លួន នៅជុំវិញកូរ៉េខាងជើង។
គួរបញ្ជាក់ថា សហគមន៍អន្តរជាតិនាពេលកន្លងមកបានថ្កោលទោសជាដដែលៗ ចំពោះសកម្មភាពបង្កហេតុជាច្រើនលើក និងច្រើនសាររបស់របបដឹកនាំទីក្រុងព្យុងយ៉ាង ហើយថ្មីៗនេះសហរដ្ឋអាមេរិក ថែមទាំងបានសម្រេចបញ្ជូនក្រុមនាវាចម្បាំង រួមមានទាំងនាវាផ្ទុកយន្តហោះចម្បាំង ដើរដោយថាមពលនុយក្លេអ៊ែរ និងនាវាមុជទឹកបំពាក់គ្រាប់មីស៊ីលប្រដេញ ទៅកាន់តំបន់ឧបទ្វីបកូរ៉េទៀតផង។
ម៉្យាងវិញទៀតបន្ទាប់ពីមានសេចក្តីរាយការណ៍ថា ទីក្រុងវ៉ាស៊ីនតោនអាចនឹងបើកការវាយប្រហារយោធា ប្រឆាំងនឹងទីក្រុងព្យុងយ៉ាង បើសិនណាជាកូរ៉េខាងជើងហ៊ានបន្តធ្វើតេស្តអាវុធនុយក្លេអ៊ែរទៀតនោះ រដ្ឋកុម្មុយនិស្តមួយនេះបានព្រមានធ្ងន់ៗដោយមិនចុះញ៉មថា ពួកគេបានត្រៀមលក្ខណៈរួចជាស្រេច ដើម្បីឆ្លើយតបទៅនឹងសកម្មភាពរបស់អាមេរិក៕