(ប៉ារីស)៖ លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក កាលពីពេលថ្មីៗនេះ​បានលើកសរសើរ​ចំពោះបេក្ខជនប្រធានាធិបតី​ស្តាំនិយម​លោកស្រី Marine Le Pen ស្របពេលដែលលទ្ធផល​នៃការបោះឆ្នោតជ្រើសរើស​ប្រធានាធិបតីបារាំង កាលពីថ្ងៃអាទិត្យកន្លងទៅនេះបង្ហាញថា លោកស្រី​ទទួលបានសំឡេងគាំទ្រគ្រប់គ្រាន់ ដើម្បីឈានដល់ការបោះឆ្នោតជុំទីពីរ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៧ ខែឧសភាខាងមុខ។

ការលើកសរសើរនេះ​មិនមានជារឿងគួរភ្ញាក់​ផ្អើលឡើយបន្ទាប់ពីយើងបានដឹងថា​ ក្នុងយុទ្ធនាការ​ឃោសនា​បោះឆ្នោតនោះ គោលនយោបាយ​លោកស្រីផ្ទាល់​មិនខុសពីលោក ដូណាល់ ត្រាំ ឡើយ ដោយលោកស្រីបានបង្ហាញការប្រឆាំង​ជនអន្តោប្រវេសន៍ ជនជាតិមូស្លីម និងអំពើភេរវកម្មជាដើម។

ម្យ៉ាងវិញទៀត លោក ត្រាំ ហាក់មិនមានភាពស្ទាក់ស្ទើរ ក្នុងការលើកសរសើរលោកស្រី Le Penឡើយ បើទោះបីជាស្ត្រីរូបនេះបានបង្ហាញការ​គាំទ្រទៅលើលោក វ្ល៉ាឌីមៀ ពូទីន ស្របពេលដែល​រដ្ឋមន្ត្រីការបរទេស​អាមេរិក​ ទើបតែលើកឡើងកាលពីសប្តាហ៍​មុនថា ទំនាក់ទំនងរុស្ស៊ី-អាមេរិក ឈានដល់​ដំណាក់កាល​ទាបបំផុតមិនធ្លាប់​មានពីមុនមក។

ការមកដល់នៃ​វត្តមានរបស់​ លោកស្រី Le Pen ក្នុងនាមជាប្រធានាធិបតី​បារាំង នឹងបង្កឥទ្ធិពល​វិជ្ជមានជាខ្លាំង​ដល់ពាណិជ្ជកម្ម និងហរិញ្ញវត្ថុ​របស់​សហរដ្ឋអាមេរិក។ ប្រសិនបើ​បេក្ខជនប្រធានាធិបតី​ស្ត្រី​រូបនេះឈ្នះឆ្នោត លោកស្រីនឹង​ដកប្រទេសបារាំង​ពីតំបន់ចាយ​ប្រាក់អឺរ៉ូ ជាហេតុនាំ​ឱ្យប្រាក់អឺរ៉ូ ត្រូវដាំក្បាលចុះ ចំណែកប្រាក់​ដុល្លារឡើង​ខ្ពស់វិញ។ បន្ទាប់មក​ផលិតផលរបស់​សហរដ្ឋអាមេរិក ដែលដាក់លក់​នៅបរទេសនឹងបាន​តម្លៃខ្ពស់ជាងមុន។ ផ្ទុយទៅវិញ​បើលោក Macron ជាប់ឆ្នោត លោកនឹងបង្ហាញ​ការគាំទ្រទៅលើ​សហភាពអឺរ៉ុប ព្រមទាំងពង្រឹង​អង្គការណាតូ​ទៅវិញ នេះជាអ្វី​ដែលផ្ទុយពីឆន្ទៈ​របស់​សហរដ្ឋអាមេរិក។

បើទោះបីជា​លោក ត្រាំ មិនបានបង្ហាញ​ការគាំទ្រជាផ្លូវការ​ទៅលើលោកស្រី Le Pen ប៉ុន្តែក្នុងរយៈពេល​ប្រមាណពីរ​បីថ្ងៃមុនការបោះឆ្នោត​​ប្រធានាធិបតី​បារាំងកើតឡើង លោកបានលើក​ឡើងថា «លោកស្រី Le Pen ជាមនុស្ស​ដែលមានភាពរឹងមាំ​ក្នុងការគ្រប់គ្រង​ទៅលើអ្វី​ ដែលកំពុងកើតឡើងក្នុងប្រទេសបារាំង ព្រមទាំងបាន​បន្ថែមថា លោកស្រីមានភាពរឹងមាំ​ខ្លាំងបំផុតទៅលើបញ្ហាព្រំដែន»

ថ្លែងពីប្រទេស​រុស្ស៊ីវិញ ខណៈដែលលោកស្រី​បានជួបជាមួយ​លោក ពូទីន ក្នុងទីក្រុងម៉ូស្គូ​កាលពីពីរបី​សប្តាហ៍មុន លោកស្រីត្រូវ​បានគេចាត់ទុកថា ជាបេក្ខជន​ប្រធានាធិបតីតែ​មួយរូបគត់​ក្នុងចំណោម១១រូប​ផ្សេងទៀត ដែលធ្វើកិច្ច​ជំនួបជាមួយ​ប្រធានាធិបតីរុស្ស៊ី។ លោកស្រីបាន​បង្ហាញបំណងចង់ជួយដល់រុស្ស៊ី ក្នុងដំណាក់កាល​នៃការពង្រឹងសហភាព​អឺរ៉ុបផងដែរ។ មិនតែប៉ុណ្ណោះ​លោកស្រី​ថែមទាំងបានប្តេជា​ក្នុងការដកប្រទេស​បារាំង ចេញពីអង្គការ​ណាតូ ដែលការពិត​ទៅនេះណាតូ គ្រាន់តែជាសម្ព័ន្ធយោធា​មួយ ដែលមាន​តួនាទីសំខាន់​ក្នុងការត្រួតពិនិត្យ​ទៅលើសកម្មភាព​យោធារុស្ស៊ី​ប៉ុណ្ណោះ។

ជាងនេះទៅទៀតនោះ លោកស្រីក៏បានស្នើសុំបញ្ចប់ការដាក់​ទណ្ឌកម្មរបស់សហភាពអឺរ៉ុប​ទៅលើប្រទេស រុស្ស៊ី ដែលការដាក់ទណ្ឌកម្មនេះ ត្រូវបានធ្វើឡើងបន្ទាប់ពី​រុស្ស៊ីដណ្តើមតំបន់គ្រីមៀ​ពីអ៊ុយក្រែន ដោយលោកស្រី​បានលើកឡើងថា ការដាក់ទណ្ឌកម្មនេះ​ជារឿងមិនយុត្តិធម៌ និងឆ្កួតឡប់ជាទីបំផុត។

លោកស្រី Le Pen បង្ហាញសញ្ញា​ចង់ចងសម្ព័ន្ធ​ជាមួយរុស្ស៊ី។ លោកស្រី Le Pen ធ្លាប់ទទួលបាន​ប្រាក់កម្ចីរហូតដល់​៩លានអឺរ៉ូពី​ធនាគាររុស្ស៊ី ដើម្បីឧបត្ថមដល់ការឃោសនាបោះឆ្នោតរបស់​លោកស្រីផ្ទាល់។ ជាមួយគ្នានេះដែរ ក៏មានការ​លេចលឺនូវព័ត៌មាន​ថា ថ្មីៗនេះភ្នាក់ងារ​ស៊ើបអង្កេតរុស្ស៊ី កំពុងព្យាយាម​អន្តរាគមន៍ទៅលើការបោះឆ្នោត​នៅបារាំង ដើម្បីជួយបង្កើនសំឡេងឆ្នោតលោកស្រី ដែលរឿងនេះ​មិនខុសអីនឹងពាក្យចោទប្រកាន់​កន្លងមកថា​ រុស្ស៊ីក៏ស្ថិតនៅពី​ក្រោយខ្នងការបោះឆ្នោត​អាមេរិចដូចគ្នា។

ហេតុផលខាង​លើអាចបញ្ជាក់​បានថា ទាំងប្រធានាធិបតី​អាមេរិក និងរុស្ស៊ីសុទ្ធតែមានបំណងចង់ឱ្យ​លោកស្រីជាប់ឆ្នោត បន្ទាប់ពី​ដឹងថា វត្តមានរបស់លោកស្រីក្នុង​នាមជាប្រធានាធិបតី​ នឹងផ្តល់ប្រយោជន៍​ដល់ប្រទេសទាំងពីរ៕

បកប្រែ និងសម្រួលដោយ៖ អ៊ឹត ចណ្ណា