(បាដាត)៖ កងកម្លាំងគាំទ្ររដ្ឋាភិបាលអ៊ីរ៉ាក់ Hashd Shaabi ឬហៅថា «ចលនាប្រជាជន» បានឱ្យដឹងថា ខ្លួនបានវាយដណ្ដើមយកទីក្រុងបុរាណ Hatra ស្ថិតនៅតំបន់វាយខ្សាច់នៃភាគអាគ្នេយ៍ទីក្រុងម៉ូស៊ុល ពីពួក ISIS មកវិញ បន្ទាប់ពីការវាយប្រយុទ្ធគ្នាអស់រយៈពេលជាច្រើនម៉ោងកាលពីថ្ងៃពុធ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរ នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែមេសា ឆ្នាំ២០១៧។
កងកម្លាំង Hashd Shaabi បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនយ៉ាងដូច្នេះថា «កងកម្លាំង Hashd Shaabi បានរំដោះទីក្រុង Hatra ក្រោយវាយប្រយុទ្ធដ៏ខ្លាំងជាមួយសត្រូវ (ISIS)»។ ការវាយដណ្ដើមយកទីក្រុង Hatra ធ្វើឡើងនៅក្នុងថ្ងៃទី០២ នៃប្រតិបត្តិការយោធារបស់ Hashd Shaabi ដើម្បីបោសសំអាតពួក ISIS ចេញពីមូលដ្ឋានដែលពួកវាកំពុងគ្រប់គ្រងនៅក្នុងទីក្រុង Hatra និងតំបន់ក្បែរខាងស្ថិតនៅចំងាយ ១០០គីឡូម៉ែត្រ នៃភាគអាគ្នេយ៍ទីក្រុងម៉ូស៊ុល។
គួរបញ្ជាក់ថា កងកម្លាំង Hashd Shaabi ក៏បានវាយដណ្ដើមយកពីពួក ISIS មកវិញនូវភូមិចំនួន ១២ភូមិស្ថិតក្បែរទីក្រុង Hatra ដែលត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិភណ្ឌពិភពលោក របស់អង្គការ UNISCO កាលពីឆ្នាំ១៩៨៧។ បច្ចុប្បន្នទីក្រុងម៉ូស៊ុល ភាគកណ្តាល (ភាគច្រើន) នៅតែស្ថិតនៅក្នុងកណ្តាប់ដៃ ISIS ដដែល ដោយសារតែវាជាតំបន់ស្នូល ដែលការការពារយ៉ាងរឹងមាំបំផុត៕