(វ៉ាស៊ីនតោន)៖ មេបញ្ជាការនៃទីបញ្ជាការដ្ឋានកងទ័ពអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិក លោកឧត្តមនាវី Harry Harris បានថ្លែងបញ្ជាក់អះអាងតបទៅកាន់ការព្រមានរបស់ទីក្រុងព្យុងយ៉ាងដូច្នេះថា កូរ៉េខាងជើងពុំមានសព្វាវុធដែលមានសមត្ថភាពក្នុងការវាយប្រហារដោយជោគជ័យ ប្រឆាំងនឹងក្រុមនាវាដឹកយន្តហោះចម្បាំង USS Carl Vinson ដែលកំពុងធ្វើដំណើរទៅកាន់ឧបទ្វីបកូរ៉េបាននោះឡើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែមេសា ឆ្នាំ២០១៧។
លោក Harris បានលើកឡើងយ៉ាងដូច្នេះថា «ប្រទេសកូរ៉េខាងជើងមិនមានគ្រាប់មីស៊ីលជាប្រភេទអាវុធប្រឆាំងនឹងនាវា ដែលអាចបង្កការគំរាមកំហែងអ្វីមួយ ដល់ក្រុមរបស់នាវាដឹកយន្តហោះចម្បាំង USS Carl Vinson បាននោះឡើយ ហើយបណ្តាសព្វាវុធដែលរបបដឹកនាំទីក្រុងព្យុងយ៉ាង គ្រោងនឹងប្រើប្រាស់ប្រឆាំងទៅនឹងក្រុមរបស់នាវាដឹកយន្តហោះចម្បាំង នៃសហរដ្ឋអាមេរិកនេះវិញនោះ គឺមានភាពងាយស្រួលក្នុងការទប់ទល់ជាទីបំផុត»។
គួរបញ្ជាក់ថា ស្ថានភាពនៅឧបទ្វីបកូរ៉េបាននិងកំពុងជួបភាពតានតឹងខ្លាំងឡើង ចាប់តាំងពីកូរ៉េខាងជើង បានធ្វើតេស្តមីស៊ីល និងក្បាលគ្រាប់នុយក្លេអ៊ែរជាច្រើនលើក ដែលទង្វើទាំងអស់នេះត្រូវបានអន្តរជាតិចាត់ទុកថា ជាការបំពានលើដំណោះស្រាយក៏ដូចជា សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ។
នៅចំពោះមុខស្ថានភាពដ៏សែនក្តៅគគុកក្នុងតំបន់ សហរដ្ឋអាមេរិកបានសម្រេចបញ្ជូនក្រុមនាវាចម្បាំងរបស់ខ្លួន ដែលដឹកនាំដោយនាវាដឹកយន្តហោះចម្បាំង ដើរដោយថាមពលនុយក្លេអ៊ែរ USS Carl Vinson ទៅកាន់ឧបទ្វីបកូរ៉ ហើយយោងតាមការអះអាងរបស់សារព័ត៌មានរដ្ឋកូរ៉េខាងជើង របបដឹកនាំទីក្រុងព្យុងយ៉ាង បានត្រៀមរួចជាស្រេច ដើម្បីបង្ហាញឥទ្ធិពលនុយក្លេអ៊ែររបស់ខ្លួន នៅក្នុងការឆ្លើយតបចំពោះការបញ្ជូនក្រុមនាវាចម្បាំងនេះ ដោយព្រមានថាអាចនឹងបាញ់ពន្លិចនាវាដឹកយន្តហោះចម្បាំង USS Carl Vinson ចោលតែម្តង៕