(យូអិន)៖ ឯកអគ្គរដ្ឋទូតកូរ៉េខាងជើងប្រចាំនៅអង្គការសហប្រជាជាតិ បានថ្លែងបញ្ជាក់ធ្ងន់ៗនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទីក្រុងព្យុងយ៉ាងមិនខ្លាចរអាសូម្បីតែបន្តិចសោះឡើយ ចំពោះការគំរាមកំហែងក៏ដូចជាការបំភិតបំភ័យរបស់សហរដ្ឋអាមេរិក ហើយផ្ទុយទៅវិញបានត្រៀមលក្ខណៈរួចជាស្រេច ក្នុងការឈានទៅដល់ទីបញ្ចប់ នៅក្នុងការប្រឈមមុខដាក់គ្នាដ៏ក្តៅគគុករវាងប្រជាជាតិទាំងពីរ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែមេសា ឆ្នាំ២០១៧។
សេចក្តីថ្លែងការណ៍ខាងលើបានលើកឡើងដូច្នេះថា «វាគឺជាឆន្ទៈដ៏រឹងមាំមិនរង្គោះរង្គើររបស់ប្រទេសកូរ៉េខាងជើង ដើម្បីកំដរដល់ទីបញ្ចប់ បើសិនជាអាមេរិកមានបំណងនៅតែបន្តគ្មានការផ្លាស់ប្តូរ នៅក្នុងគោលជំហរស្វែងរកការប្រឈមមុខដាក់គ្នា ដូចស្ថានភាពនាពេលបច្ចុប្បន្ននេះ»។ លោកឯកអគ្គរដ្ឋទូតបានបន្ថែមថា «ឥឡូវនេះបណ្តាមន្រ្តីនៃរដ្ឋបាលដឹកនាំរបស់លោក ដូណាល់ ត្រាំ កំពុងព្យាយាមដាក់សម្ពាធឲ្យកូរ៉េខាងជើងបន្ទន់ខ្លួនចុះញ៉ម តាមរយៈការបញ្ជូនក្រុមនាវាដឹកយន្តហោះចម្បាំង ដើរដោយថាមពលនុយក្លេអ៊ែរ ជាបន្តបន្ទាប់ទៅកាន់ដែនសមុទ្រក្បែរឧបទ្វីបកូរ៉េ ក៏ប៉ុន្តែការបំភិតបំភ័យក៏ដូចជាគំរាមកំហែងបែបនេះ វាគ្មានប្រយោជន៍ នឹងមិនអាចបន្លាចរបបដឹកនាំទីក្រុងព្យុងយ៉ាងបាននោះឡើយ»។
គួរបញ្ជាក់ថា សហគមន៍អន្តរជាតិនាពេលកន្លងមកបានថ្កោលទោសជាដដែលៗ ចំពោះសកម្មភាពបង្កហេតុជាច្រើនលើក និងច្រើនសាររបស់របបដឹកនាំទីក្រុងព្យុងយ៉ាង ហើយថ្មីៗនេះសហរដ្ឋអាមេរិក ថែមទាំងបានសម្រេចបញ្ជូនក្រុមនាវាចម្បាំង រួមមានទាំងនាវាផ្ទុកយន្តហោះចម្បាំង ដើរដោយថាមពលនុយក្លេអ៊ែរ និងនាវាមុជទឹកបំពាក់គ្រាប់មីស៊ីលប្រដេញ ទៅកាន់តំបន់ឧបទ្វីបកូរ៉េទៀតផង។
ម៉្យាងវិញទៀតបន្ទាប់ពីមានសេចក្តីរាយការណ៍ថា ទីក្រុងវ៉ាស៊ីនតោនអាចនឹងបើកការវាយប្រហារយោធា ប្រឆាំងនឹងទីក្រុងព្យុងយ៉ាង ប្រសិនបើកូរ៉េខាងជើងហ៊ានបន្តធ្វើតេស្តអាវុធនុយក្លេអ៊ែរទៀតនោះ រដ្ឋកុម្មុយនិស្តមួយនេះបានព្រមានធ្ងន់ៗដោយមិនចុះញ៉មថា ពួកគេបានត្រៀមលក្ខណៈរួចជាស្រេច ដើម្បីឆ្លើយតបទៅនឹងសកម្មភាពរបស់អាមេរិក៕