(វ៉ាស៊ីនតោន)៖ សេតវិមាននៃសហរដ្ឋអាមេរិកបានអះអាងថា រដ្ឋាភិបាលទីក្រុងប៉េកាំងបានផ្លាស់ប្តូរគោលជំហរពីការគាំទ្រកូរ៉េខាងជើង មកធ្វើការឃ្លាំមើលដោយមិនដាក់ភ្នែកទៅលើរដ្ឋកុម្មុយនិស្តមួយនេះ ពីព្រោះការគំរាមកំហែងដែលមិនអាចព្រងើយកន្តើយបាន ដល់សន្តិសុខជាតិរបស់ចិន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែមេសា ឆ្នាំ២០១៧។
យោងតាមសម្តីរបស់មន្រ្តីជាន់ខ្ពស់នៅសេតវិមាន ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានបង្ហាញការជឿទុកចិត្តខ្ពស់ចំពោះការជួយជ្រោមជ្រែង ពីសំណាក់ប្រទេសចិនប្រឆាំងនឹងការគំរាមកំហែងដែលបង្កឡើងដោយកូរ៉េខាងជើង ពីព្រោះតែទីក្រុងប៉េកាំងបានចាប់ផ្តើមមើលឃើញថា ទីក្រុងព្យុងយ៉ាងគឺជាបញ្ហាប្រឈមដ៏លំបាកមួយ នៅក្នុងផលប្រយោជន៍របស់ខ្លួន។
មន្រ្តីអាមេរិករូបនេះបានលើកឡើងដូច្នេះថា «អ្វីដែលមានការខុសប្លែកអំពីទស្សនរបស់ចិនចំពោះបញ្ហានៅកូរ៉េខាងជើងនាពេលបច្ចុប្បន្ននេះគឺថា ចិនបានចាប់ផ្តើមមើលឃើញផ្ទាល់ភ្នែកយ៉ាងច្បាស់ថា វាគឺជាការគំរាមកំហែងដ៏ធ្ងន់ធ្ងរមួយ មិនត្រឹមតែចំពោះផលប្រយោជន៍ក៏ដូចជាសន្តិសុខរបស់សហរដ្ឋអាមេរិក កូរ៉េខាងត្បូង ឬមួយក៏ជប៉ុននោះឡើយ ប៉ុន្តែបញ្ហានេះក៏បង្កជាការគំរាមកំហែងដល់ផលប្រយោជន៍ និងសន្តិសុខជាតិរបស់ចិនផងដែរ»។
គួរបញ្ជាក់ថា ស្ថានការណ៍នៅតំបន់ឧបទ្វីបកូរ៉េខាងជើង បានជួបភាពតានតឹងកាន់តែខ្លាំងឡើង ចាប់តាំងតែពីកូរ៉េខាងជើង បានធ្វើតេស្តមីស៊ីលផ្លោង និងអាវុធនុយក្លេអ៊ែរជាច្រើនលើក ដែលបានរំលោភបំពានទៅលើសេចក្តីសម្រេច ក៏ដូចជាដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ ហើយសូម្បីតែចិនជាបងធំបានអំពាវនាវឲ្យកូរ៉េខាងជើងឈប់ ក៏ប្រទេសដ៏ក្មេងខ្ជីមួយនេះមិនទុកមុខឲ្យនោះដែរ៕