(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានប្តេជ្ញាធរដាក់សម្ពាធបន្ថែមលើប្រទេសកូរ៉េខាងជើង តាមរយៈទណ្ឌកម្មសេដ្ឋកិច្ច និងការទូត ដើម្បីបង្ខំឲ្យកូរ៉េខាងជើងបោះបង់ចោលកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលតែម្តង ដែលទាំងនេះសុទ្ធសឹងតែជាមធ្យោបាយសន្តិភាព ស្ថិតនៅក្នុងន័យរក្សាឲ្យបាននូវស្ថិរភាពក្នុងតំបន់ឧបទ្វីបកូរ៉េ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែមេសា ឆ្នាំ២០១៧។
មន្ត្រីកំពូលសហរដ្ឋអាមេរិកបានលើកឡើងពីសម្តីលោក ដូណាល់ ត្រាំ យ៉ាងដូច្នេះទៀតថា «យើងកំពុងធ្វើការផ្សាភ្ជាប់ជាមួយសមាជិកនៃសហគមន៍អន្តរជាតិ ដែលមានទំនួលខុសត្រូវក្នុងការដាក់សម្ពាធទៅលើប្រទេសកូរ៉េខាងជើង ដើម្បីបង្ខំឲ្យរបបដឹកនាំទីក្រុងព្យុងយ៉ាងបន្ថយឥទ្ធិពលរបស់ខ្លួន រួចងាកមកចូលរួមតុចរចាគ្នាឡើងវិញ»។ ការថ្លែងបែបនេះគឺសហរដ្ឋអាមេរិក មានគោលជំហរធ្វើការលុបបំបាត់កម្មវិធីនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ ដោយវិធីសន្តិភាពជាគោល។
គួរបញ្ជាក់ផងដែរថា សេចក្តីថ្លែងការណ៍រួមខាងលើនេះ ត្រូវបានរៀបចំឡើងដោយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Rex Tillerson, រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក James Mattis និងនាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក លោក Dan Coats បន្ទាប់ពីមន្ត្រីទាំងបីរូបនេះ បានធ្វើការអត្ថាធិប្បាយអំពីគោលនយោបារបស់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនចំពោះទីក្រុងព្យុងយ៉ាង ជូនដល់អង្គសភាជាតិឲ្យបានដឹង៕