(ពិភពលោក)៖ នៅថ្ងៃពុធ ទី២៦ ខែមេសា ឆ្នាំ២០១៧នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗជាច្រើនបានកើតឡើង។ ចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះសូមទស្សនាដូចខាងក្រោម៖
១៖ ក្រុមអ្នកវិទ្យាសាស្ត្រ បានរកឃើញភព ដែលមានលក្ខណៈដូចទៅនឹងផែនដី ដោយវានឹងអាចមានជីវិតរស់នៅទីនោះក៏ថាបាន ហើយភពនេះ មានឈ្មោះថាភព LHS 1140b។ ភពយក្សថ្មីនេះ មានទំហំធំជាងភពផែនដីរបស់យើងដល់ទៅ៧ដង នឹងអាចមានបរិយាកាសក្រាស់ ដែលបាន ធ្វើអោយក្រុមអ្នកស្រាវជ្រាវជឿជាក់ថា LHS 1140b អាចជាភពបង្កើតឡើងដោយថ្មដែលមានជាតិដែកក្រាស់នៅស្នូលកណ្តាល។
២៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានចូលរួមទស្សនាដោយផ្ទាល់ កាលពីថ្ងៃអង្គារ នៅក្នុងសមយុទ្ធបាញ់កាំភ្លើងធំទ្រង់ទ្រាយធំមិន ធ្លាប់មានពីមុនមក នៅឯទីក្រុង Wonsan នាឱកាសអបអរសាទរខួបលើកទី៨៥ នៃថ្ងៃកំណើតកងទ័ពកូរ៉េខាងជើង។
៣៖ ចិនបានដាក់សម្ពោធឱ្យប្រើប្រាស់សាកល្បង នាវាផ្ទុកយន្ដហោះចម្បាំង 001A ផលិតនៅក្នុងស្រុកជាលើកដំបូងបំផុត នៅព្រឹកថ្ងៃពុធនេះ មុននឹងដាក់វាឲ្យប្រតិបត្តិការជាផ្លូវការនៅឆ្នាំ២០១៩។ នាវាដឹកយន្តហោះចម្បាំងថ្មី របស់ចិន អាចផ្ទុកទម្ងន់បាន ៧០,០០០តោន, មានប្រវែង ៣១៥ម៉ែត្រ និងទទឹង ៧៥ម៉ែត្រ ហើយមានល្បឿន ៣១ knotes។
៤៖ កងទ័ពអាមេរិកប្រចាំកូរ៉េខាងត្បូង (USFK) បានដឹកនាំប្រតិបត្តិការ ដឹកជញ្ជូនបរិក្ខាសម្រាប់ តំឡើងប្រព័ន្ធខែលការពារមីស៊ីល THAAD នៅឯទីលានវាយកូនហ្គោល ក្នុងតំបន់ Seongju នៃខេត្ត Gyeongsang ខាងជើង បើទោះជាមានការជំទាស់យ៉ាងខ្លាំងពីសំណាក់ប្រជាជន ក្នុងតំបន់ រហូតដល់មានការប៉ះទង្គិចគ្នាក៏ដោយ៕
៥៖ទីក្រុងមូស្គូ បានលើកឡើងថា ឧបទ្វីបកូរ៉េ ដែលកំពុងឆ្ពោះទៅរកមាត់ជ្រោះនៃភ្នក់ភ្លើងសង្រ្គាម គឺដោយសារតែទទួលរងការញុះញង់ក៏ដូចជា សម្ពាធពីខាងក្រៅ ស្របពេលអាមេរិក កូរ៉េខាងត្បូង និងជប៉ុន គំរាមដាក់ទណ្ឌកម្មយ៉ាងតឹងរ៉ឹងមិនធ្លាប់មានប្រឆាំងនឹងទីក្រុងព្យុងយ៉ាង បើនៅតែ ធ្វើសកម្មភាពបង្ករឿងតទៅទៀត។
៦៖ យន្តហោះចម្បាំងរបស់ប្រទេសរុស្ស៊ីប្រភេទ MiG-31 បានធ្លាក់នៅតំបន់ Buryatia ភាគខាងត្បូងប្រទេសជាប់ព្រំដែនម៉ុងហ្គោលី នៅថ្ងៃពុធ នេះ ប៉ុន្តែសំណាងល្អអាកាសយានិកពីររូបនៅលើនោះ បានចុចឆ័ត្រយោងផ្លោះចេញពីយន្តហោះទាន់ពេលវេលា៕