(ម៉ូស្គូ)៖ ព័ត៌មានចេញផ្សាយនៅមុននេះបន្តិចបានឲ្យដឹងថា យន្តហោះចម្បាំងរបស់ប្រទេសរុស្ស៊ីប្រភេទ MiG-31 បានធ្លាក់នៅតំបន់ Buryatia ភាគខាងត្បូងប្រទេសជាប់ព្រំដែនម៉ុងហ្គោលី នៅថ្ងៃពុធនេះតែម្តងប៉ុន្តែសំណាងល្អអាកាសយានិកពីររូបនៅលើនោះ បានចុចឆ័ត្រយោងផ្លោះចេញពីយន្តហោះទាន់ពេលវេលា។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាល្ងាចថ្ងៃពុធ ទី២៦ ខែមេសា ឆ្នាំ២០១៧។
ការធ្លាក់នៅតំបន់ក្បែរមូលដ្ឋានយោធារុស្ស៊ីខាងលើនេះ បានកើតឡើងនៅវេលាម៉ោង ១២៖០៥នាទីថ្ងៃត្រង់ ម៉ោងនៅទីក្រុងម៉ូស្គូ ខណៈមូលហេតុនៃការធ្លាក់មិនទាន់មានការបញ្ជាក់នោះឡើយ។ ក្រសួងការពារជាតិរុស្ស៊ីបានលើកឡើងថា យន្តហោះចម្បាំង MiG-31 នេះបានចូលរួមសមយុទ្ធនៅក្នុងតំបន់ភាគខាងត្បូងប្រទេសនៅថ្ងៃពុធនេះ ហើយក៏បានធ្លាក់ ប៉ុន្តែសំណាងល្អវាធ្លាក់ចំតំបន់គ្មានមនុស្សរស់នៅ ហើយពីឡុតទាំងពីរក៏មានសុវត្ថិភាពដែរ៕