(ប៉ារីស)៖ ផ្អែកលើព័ត៌មានដែលទីភ្នាក់ងារស៊ើបការណ៍សម្ងាត់បារាំងទទួលបាន វាគ្មានអ្វីត្រូវសង្ស័យទៀតឡើយថា កងកម្លំាងរដ្ឋាបាលស៊ីរីរបស់ប្រធានាធិបតីលោក បាស្សា អាល់ អាស្សាដ ពិតជាបានប្រើប្រាស់អាវុធគីមីកាលពីថ្ងៃទី០៤ ខែមេសា កន្លងទៅនៅឯភាគខាងជើងប្រទេសស៊ីរី។ នេះបើ តាមរដ្ឋមន្ត្រីការបរទេសបារាំង លោក Jean-Marc Ayrault ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅល្ងាចថ្ងៃពុធ ទី២៦ ខែមេសា ឆ្នាំ២០១៧។
ថ្លែងទៅកាន់អ្នកសារព័ត៌មាន លោក Ayrault បានគូសបញ្ជាក់ដូច្នេះថា «យើងដឹងពីប្រភពជាក់លាក់មួយចំនួនថា សារធាតុគីមីប្រភេទសារីន (Sarin) ដែលត្រូវបានគេប្រើប្រាស់ គឺជាប្រភេទតែមួយនៃសារធាតុគីមី ដែលផលិតឡើងដោយមន្ទីរពិសោធន៍ស៊ីរី (...) ហើយយើងអះអាងបែប នេះពីព្រោះយើងបានរក្សាទុកសារធាតុគីម ពីការវាយប្រហារមុនដើម្បីធ្វើការប្រៀបធៀប»។
គួរបញ្ជាក់ថា ការវាយប្រហារដោយអាវុធគីមី នៅទីក្រុង Khan Sheikhoun ក្នុងខេត្ត Idlib បានផ្ដាច់យកអាយុជីវិត ប្រជាជនស៊ីវិល៨៧នាក់ក្នុង នោះរួមមានទាំងកុមារជាច្រើននាក់ ហើយវាបានបង្កជាការតក់ស្លុតជាខ្លាំងនៅទូទំាងពិភពលោក ព្រមទំាងជម្រុញឱ្យទីក្រុងវ៉ាស៊ីនតោនបើកការ វាយប្រហារលើមូលដ្ឋានទ័ពអាកាសស៊ីរី។ ម្យ៉ាងវិញទៀតវាគឺជាលើកដំបូងបំផុតផងដែរ ដែលសហរដ្ឋអាមេរិក ប្រើប្រាស់កម្លាំងយោធាដោយ ផ្ទាល់ប្រឆាំងនឹងកងកម្លាំងរដ្ឋាភិបាលស៊ីរី៕