(ម៉ូស្គូ)៖ លេខាធិការនៃក្រុមប្រឹក្សាសន្តិសុខប្រទេសរុស្ស៊ីបានលើកឡើងថា ឧបទ្វីបកូរ៉េដែលកំពុងឆ្ពោះទៅរកមាត់ជ្រោះនៃភ្នក់ភ្លើងសង្រ្គាម គឺដោយសារតែទទួលរងការញុះញង់ក៏ដូចជាសម្ពាធពីខាងក្រៅ។ នេះបើតាមាករចេញផ្សាយដោយសាររុស្ស៊ី Sputnik នៅរសៀលថ្ងៃពុធ ទី២៦ ខែមេសា ឆ្នាំ២០១៧។
ថ្លែងក្នុងសន្និសីទទីក្រុងម៉ូស្គូលើកទី០៦ ស្តីពីបញ្ហាសន្តិសុខអន្តរជាតិនាថ្ងៃពុធនេះ លោក Nikolai Patrushev លេខាធិការក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី បានលើកឡើងយ៉ាងដូច្នេះថា «យើងមិនអាចមើលស្រាលបាននោះឡើយ ចំពោះបញ្ហាដែលកំពុងកើតមានឡើងនៅឧបទ្វីបកូរ៉េ ជាទីដែលបណ្តាភាគីនៅទីនោះ កំពុងស្ថិតនៅក្បែរមាត់ជ្រោះនៃភ្លើងសង្រ្គាម ពីព្រោះការញុះញង់នៃឥទ្ធិពលខាងក្រៅ»។
សហរដ្ឋអាមេរិកបានសម្រេចបញ្ជូនក្រុមនាវាចម្បាំងរបស់ខ្លួន ដែលដឹកនាំដោយនាវាដឹកយន្តហោះចម្បាំង ដើរដោយថាមពលនុយក្លេអ៊ែរ USS Carl Vinson ទៅកាន់ឧបទ្វីបកូរ៉ នៅចំពោះមុខការកើនឡើងយ៉ាងក្តៅគគុក នៃភាពតានតឹងក្នុងតំបន់។ យោងតាមការអះអាងរបស់សារព័ត៌មានរដ្ឋកូរ៉េខាងជើង របបទីក្រុងព្យុងយ៉ាង បានត្រៀមរួចជាស្រេច ដើម្បីបង្ហាញឥទ្ធិពលនុយក្លេអ៊ែររបស់ខ្លួន នៅក្នុងការឆ្លើយតបចំពោះការបញ្ជូនក្រុមនាវាចម្បាំងនេះ ដោយព្រមានថា អាចនឹងបាញ់ពន្លិចនាវាដឹកយន្តហោះចម្បាំង USS Carl Vinson ចោល។
គួរបញ្ជាក់ថា ស្ថានភាពនៅឧបទ្វីបកូរ៉េជួបភាពតានតឹងខ្លាំងឡើង ចាប់តាំងពីកូរ៉េខាងជើង បានធ្វើតេស្តមីស៊ីល និងក្បាលគ្រាប់នុយក្លេអ៊ែរជាច្រើនលើក ដែលទង្វើទាំងអស់នេះត្រូវបានអន្តរជាតិចាត់ទុកថា ជាការបំពានលើដំណោះស្រាយក៏ដូចជា សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ៕