Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

របាយការណ៍អង្គការលើកលែងទោសអន្តរជាតិ៖ «១០០ថ្ងៃនៃការកាន់អំណាច លោក ដូណាល់ ត្រាំ បានរំលោភសិទ្ធិមនុស្សជាង ១០០ករណី»

26-04-2017 15:48

(វ៉ាស៊ីនតោន)៖ នៅក្នុងរយៈពេលនៃការកាន់អំណាច១០០ថ្ងៃដំបូង រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្យាយាមគំរាមកំហែងដល់សិទ្ធិមនុស្ស នៅក្នុងសហរដ្ឋអាមេរិក និងនៅជុំវិញ​ពិភពលោក​សរុបជាង ១០០ករណី ឬវិធី។ នេះបើតាមអង្គការ​លើកលែងទោស​អន្តរជាតិ AI (Amnesty International) ដកស្រង់ដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃពុធ ទី២៦ ខែមេសា ឆ្នាំ២០១៧។

យោងតាម AI ក្នុងរយៈពេល១០០ថ្ងៃ លោកត្រាំ បានប្រើប្រាស់វិធីសាស្ត្ររំលោភសិទ្ធិមនុស្សជាង១០០ វិធីដោយក្នុងនោះ AI បានបែងចែកជា ១៣ផ្នែក ហើយការរំលោភសិទ្ធិមនុស្សទំាងនេះមានដូចជា ការរំលោភសិទ្ធិជនភៀសខ្លួន, ជនជាតិឥណ្ឌា, ស្ត្រី, សហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា, អ្នកទោស, រួមទំាងការពង្រីកការធ្វើសង្រ្គាមនៅឯបរទេស, និងការរំលោភបំពានសិទ្ធមនុស្សជាច្រើនផ្សេងទៀត។ «រយៈពេល១០០ថ្ងៃដំបូងនៃការកាន់អំណាចបានបង្ហាញថា គោលនយោបាយរបស់លោក ដូណាល់ ត្រាំ គឺជាគ្រោះថ្នាក់មួយ»។ នេះបើតាមនាយប្រតិបត្តិអង្គការលើកលែងទោស អន្តរជាតិ លោកស្រី Margaret Huang។

គួរបញ្ជាក់ថា ផ្អែកលើការស្ទង់មតិធ្វើឡើងដោយស្ថានីយ៍ទូរទស្សន៍ ABC ប្រជាប្រិយភាពលោក ដូណាល់ ត្រាំ បានធ្លាក់ដល់ចំណុច​មួយទាបបំផុត ក្នុងនាមជាប្រធានាធិបតីអាមេរិកម្នាក់ សម្រាប់អំឡុងពេល​មួយឆ្នាំដំបូងនៃអាណត្តិរបស់លោក ប្រៀបធៀបតំាងពីឆ្នាំ១៩៤៥មក ពោលគឺប្រជាជនអាមេរិក ៤២%ប៉ុណ្ណោះបានគំាទ្រគោលបាយ​នៃមេដឹកនាំថ្មីរបស់ពួកគេ​រូបនេះ៕