(វ៉ាស៊ីនតោន)៖ យោធាជើងអាកាសអាមេរិក គ្រោងធ្វើការបាញ់សាកល្បងគ្រាប់មីស៊ីលផ្លោងអន្តរទ្វីបប្រភេទ Minuteman III ចេញពីមូលទ័ពនៅរដ្ឋកាលីហ្វរញ៉ានាថ្ងៃពុធសប្តាហ៍នេះ (ពេលវេលានៅសហរដ្ឋអាមេរិក) ចំពេលដែលភាពតានតឹងក្នុងឧបទ្វីបកូរ៉េកំពុងបន្តកើនឡើងកម្តៅ ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នារសៀលថ្ងៃពុធ ទី២៦ ខែមេសា ឆ្នាំ២០១៧។
យោងតាមអ្នកនាំពាក្យទីបញ្ជាការទ័ពជើងអាកាសរបស់សហរដ្ឋអាមេរិក មីស៊ីលផ្លោងខាងលើនេះ នឹងត្រូវបាញ់ចេញពីមូលដ្ឋានទ័ពអាកាស Vandenberg Air Force ក៏ប៉ុន្តែអ្នកនាំពាក្យរូបនេះបានអះអាងថា វាពុំមានជាប់ពាក់ព័ន្ធអ្វីជាមួយនឹង ភាពតឹងតែងដែលកំពុងកើនឡើងនៅក្នុងតំបន់ឧបទ្វីបកូរ៉េនោះឡើយ ដោយហេតុតែការធ្វើតេស្តនេះ ត្រូវបានគ្រោងរៀបចំតាំងពីមួយឆ្នាំមុនមកម្ល៉េះ។
មេទ័ពអាមេរិកម្នាក់បានលើកឡើងយ៉ាងដូច្នេះថា «ការបាញ់បង្ហោះមីស៊ីលប្រភេទ Minuteman ទាំងនេះ មានសារៈសំខាន់ខ្លាំងណាស់ ក្នុងបញ្ជាក់អះអាងអំពីស្ថានភាពនៃកម្លាំងអាវុធនុយក្លេអ៊ែរជាតិ និងដើម្បីសម្តែងអំពីសមត្ថភាពក៏ដូចជាអានុភាព នៃអាវុធនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក ហើយវាក៏ជាសញ្ញាមួយ ប្រាប់ទៅដល់សត្រូវរបស់យើងនានាផងដែរ»។
គួរបញ្ជាក់ថា សហគមន៍អន្តរជាតិនាពេលកន្លងមកបានថ្កោលទោសជាដដែលៗ ចំពោះសកម្មភាពបង្កហេតុជាច្រើនលើក និងច្រើនសាររបស់របបដឹកនាំទីក្រុងព្យុងយ៉ាង ហើយថ្មីៗនេះសហរដ្ឋអាមេរិក ថែមទាំងបានសម្រេចបញ្ជូនក្រុមនាវាចម្បាំង រួមមានទាំងនាវាផ្ទុកយន្តហោះចម្បាំង ដើរដោយថាមពលនុយក្លេអ៊ែរ និងនាវាមុជទឹកបំពាក់គ្រាប់មីស៊ីលប្រដេញ ទៅកាន់តំបន់ឧបទ្វីបកូរ៉េទៀតផង។
ម៉្យាងវិញទៀតបន្ទាប់ពីមានសេចក្តីរាយការណ៍ថា ទីក្រុងវ៉ាស៊ីនតោនអាចនឹងបើកការវាយប្រហារយោធា ប្រឆាំងនឹងទីក្រុងព្យុងយ៉ាង បើសិនណាជាកូរ៉េខាងជើងហ៊ានបន្តធ្វើតេស្តអាវុធនុយក្លេអ៊ែរទៀតនោះ រដ្ឋកុម្មុយនិស្តមួយនេះបានព្រមានធ្ងន់ៗដោយមិនចុះញ៉មថា ពួកគេបានត្រៀមលក្ខណៈរួចជាស្រេច ដើម្បីឆ្លើយតបទៅនឹងសកម្មភាពរបស់អាមេរិក៕