(បរទេស)៖ ភពដែលមានលក្ខណៈដូចទៅនឹងផែនដីត្រូវបានក្រុមអ្នកវិទ្យាសាស្ត្ររកឃើញបន្ថែមមួយទៀតហើយ ដោយវានឹងអាចមានជីវិតរស់នៅទីនោះផងដែរ មានឈ្មោះថាភព LHS 1140b។
យោងតាមគេហទំព័រ Independent បានរាយការណ៍ថា ភពយក្សថ្មីនេះ មានទំហំធំជាងភពផែនដីរបស់យើងដល់ទៅ ៧ដង នឹងអាចមានបរិយាកាសក្រាស់ ដែលបានធ្វើអោយក្រុមអ្នកស្រាវជ្រាវជឿជាក់ថា LHS 1140b អាចជាភពបង្កើតឡើងដោយថ្មដែលមានជាតិដែកក្រាស់នៅស្នូលកណ្តាល។
ជាមួយគ្នានេះដែរភពដែលមានលក្ខណៈធំសម្បើមដូចទៅនឹងផែនដីនេះ មានរយៈចំងាយ៤០ឆ្នាំពន្លឺពីផែនដី ដោយវាស្ថិតនៅក្នុងកញ្ចុំផ្កាយ Cetus ហើយត្រូវបានក្រុមអ្នកវិទ្យាសាស្រ្តដឹងថា ជាកន្លែងដ៏ល្អ សំរាប់ស្វែងរកជីវិតនៅក្រៅប្រព័ន្ធព្រះអាទិត្យ។
ជាក់ស្តែងកែវយឺតមួយចំនួននៅលើពិភពលោក រួមបញ្ចូលទាំងកែវយឺត HARPS នៅទីក្រុង La Silla គ្រប់គ្រងដោយមន្ទីរអង្កេតការអឺរ៉ុបភាគខាងត្បូង (ESO) បានរកឃើញភពថ្មីនេះ ដែលវិលជុំវិញតំបន់មានជីវិតរស់នៅរបស់ក្រុមផ្កាយដាច់ស្រយ៉ាលមួយក្រុម ដែលត្រូវបានគេស្គាល់ថា LHS 1140។
ម្យ៉ាងវិញទៀត ភពដែលនៅជិតផែនដីយើងនេះ មានចំងាយនៅជិត ក្រុមផ្កាយដាច់ស្រយ៉ាលរបស់វាខ្លាំង មែនទែន ដែលជាហេតុធ្វើអោយវាប្រើប្រាស់តែរយៈពេល២៥ថ្ងៃប៉ុណ្ណោះដើម្បីវិលជុំវិញផ្កាយរបស់វា។
គួរបញ្ជាក់ដែរថា ភពនេះអាចជាភពថ្មដូចនឹងភពផែនដីយើង តែគ្រាន់តែទំហំធំជាងស្ថិតនៅតំបន់ដ៏ត្រឹមត្រូវមួយ (មិនឆ្ងាយពេក និងមិនជិតពេក) ពីផ្កាយរបស់វា ដែលអាចរក្សាបរិយាកាសបានយ៉ាងល្អ។ ទោះបីជាយ៉ាងណាក៏ដោយ ព័ត៌មានបន្ថែមពីភពនេះ អ្នកវិទ្យាសាស្ត្រកំពុងតែព្យាយាមប្រមូលយក និងផ្សព្វផ្សាបន្ថែមនាពេលក្រោយ៕