(តូក្យូ)៖ រដ្ឋាភិបាលទីក្រុងតូក្យូបានសេចក្តីព្រមាន ដល់ប្រជាពលរដ្ឋក្នុងប្រទេសខ្លួនថា នៅក្នុងករណីនៃការវាយប្រហារដោយអាវុធនុយក្លេអ៊ែរពីសំណាក់កូរ៉េខាងជើង ពួកគេប្រហែលជាមានពេលវេលាត្រឹមតែពី ៤នាទីទៅ១០នាទីប៉ុណ្ណោះ ដើម្បីរត់ភៀសខ្លួនទៅរកទីសុវត្ថិភាព។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃពុធ ទី២៦ ខែមេសា ឆ្នាំ២០១៧។
ប្រទេសជប៉ុនបានទទួលស្គាល់ថា ប្រព័ន្ធប្រកាសអាសន្នរបស់ពួកគេ ទំនងជាមានសមត្ថភាពក្នុងការចាប់សញ្ញានៃការបាញ់មីស៊ីល មិនលើសពី១០នាទីជាមុននោះឡើយ ហើយអាចនឹងមិនរហ័សដូចនេះក៏ថាបានដែរ។ យោងតាមលោក Hirofumi Yoshimura អភិបាលក្រុងអូសាកា ជាទីក្រុងដ៏ធំទីពីររបស់ជប៉ុន គ្រាប់មីស៊ីលប្រហែលជាពុំអាចត្រូវចាប់សញ្ញាបានភ្លាមៗ នៅពេលដែលវាត្រូវបានបាញ់ចេញនោះឡើយ ដោយវាអាចទាមទារពេលប៉ុន្មាននាទី។ ប្រការហេតុនេះ ប្រព័ន្ធប្រកាសអាសន្ន និងជូនដំណឹងអាចមានពេលតែ ០៤ឬ០៥នាទីប៉ុណ្ណោះ នៅមុនពេលមីស៊ីលមកដល់។
ការក្រើនរំលឹកគួរឲ្យភ័យខ្លាចនេះ ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំមួយរវាងមន្រ្តីកំពូលៗ ទទួលបន្ទុកគ្រោះមហន្តរាយ និងវិបត្តិនៃប្រទេសជប៉ុននៅឯទីក្រុងតូក្យូ។ ជុំវិញបញ្ហានេះរដ្ឋាភិបាលក៏បានណែនាំអាជ្ញាធរឲ្យ បង្កើនការយល់ដឹង និងការត្រៀមរៀបចំលក្ខណៈរបស់ប្រជាជនរស់នៅតាមតំបន់របស់ពួកគេរៀងៗខ្លួនផងដែរ។
គួរបញ្ជាក់ថា ការបាញ់សាកល្បងមីស៊ីលរបស់កូរ៉េខាងជើង ភាគច្រើនបានធ្លាក់ទៅក្នុងដែនសមុទ្រជប៉ុន ហើយកាលពីខែសីហា ឆ្នាំ២០១៦ មីស៊ីលកូរ៉េខាងជើងមួយគ្រាប់បានធ្លាក់ទៅក្នុងផ្ទៃសមុទ្រ ដែលស្ថិតនៅចម្ងាយប្រមាណតែ ២៥០គីឡូម៉ែត្រពីទីក្រុង Oga នៃខេត្ត Akita របស់ប្រទេសជប៉ុន៕