(សេអ៊ូល)៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានចូលរួមទស្សនាដោយផ្ទាល់ កាលពីថ្ងៃអង្គារ នៅក្នុងសមយុទ្ធបាញ់កាំភ្លើងធំទ្រង់ទ្រាយធំមិនធ្លាប់មានពីមុនមក ដើម្បីអបអរសាទរខួបលើកទី៨៥ នៃថ្ងៃកំណើតកងទ័ពកូរ៉េខាងជើង។ នេះបើតាមការផ្សាយនៃស្ថានីយ៍ទូរទស្សន៍រដ្ឋកូរ៉េខាងជើង KCTV ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ នៅរសៀលថ្ងៃពុធ ទី២៦ ខែមេសា ឆ្នាំ២០១៧។
កូរ៉េខាងជើងបានដឹកនាំការធ្វើសមយុទ្ធបាញ់កាំភ្លើងធំ នៅតំបន់ឆ្នេរទីក្រុង Wonsan ជំនួសការបាញ់សាកល្បងអាវុធនុយក្លេអ៊ែរ ឬមីស៊ីលផ្លោងឆ្លងទ្វីប ហើយម្យ៉ាងវិញទៀត ការធ្វើសមយុទ្ធនេះត្រូវបានគេមើលឃើញថា កូរ៉េខាងជើងមានគោលបំណងបង្ហាញសមត្ថភាពវាយប្រហារលើទីក្រុងសេអ៊ូល និងដើម្បីកំញើញនាវា USS Carl Vinson ដែលនឹងធ្វើដំណើរខិតមកជិតតំបន់ដែនទឹកឧទ្វីបកូរ៉េនៅក្នុងសប្ដាហ៍នេះ បើទោះជាទីក្រុងព្យុងយ៉ាង គំរាមបាញ់ពន្លិចក៏ដោយ។
គួរបញ្ជាក់ថា កាលពីប៉ុន្មានថ្ងៃមុននេះ រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងជើង លោក ផាក យ៉ុងសីគ (Pak Yong-sik) បានព្រមានជាថ្មីថា គ្រាប់នុយក្លេអ៊ែរកូរ៉េខាងជើង មានលទ្ធភាពកម្ទេចមូលដ្ឋានទ័ពអាមេរិក ក្នុងតំបន់ប៉ាស៊ីហ្វិក ហើយថា បើសិនជានាវា USS Carl Vinson ហ៊ានចូលមកក្នុងដែនទឹកឧបទ្វីបកូរ៉េ នោះកងទ័ពកូរ៉េខាងជើង នឹងបាញ់ពន្លិចនាវាមួយនេះ។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមអ្នកជំនាញកូរ៉េខាងត្បូងបានលើកឡើងដែរថា សមត្ថភាពយោធាកូរ៉េខាងជើង មិនទាន់អាចទប់នឹងមីស៊ីលអាមេរិកបាននោះទេ ក៏ប៉ុន្តែអ្វីដែលគេដឹងនោះគឺថា ទីក្រុងវ៉ាស៊ីនតោន និងសេអ៊ូល កំពុងដុតដៃដុតជើងដាក់ពង្រាយខែលការពារមីស៊ីលដ៏មានឥទ្ធិពលរបស់អាមេរិក THAAD ដើម្បីទប់ទល់នឹងកូរ៉េខាងជើងឲ្យបានកាន់តែលឿនបំផុត៕