(អវកាស)៖ យានអវកាស Cassini បាន និងកំពុងតែធ្វើដំណើរវិលជុំវិញភពសៅរ៍ (Saturn) អស់រយៈពេលជិតពីរទសវត្សរ៍មកហើយ និងបានកត់ត្រានូវព័ត៌មាន ក៏ដូចជាទិន្នន័យ ពោរពេញដោយសារៈប្រយោជន៍ជាច្រើនសន្ធឹកសន្ធាប់ អំពីភពមួយនេះ និងព្រះច័ន្ទមួយចំនួនរបស់វា ហើយនាពេលថ្មីៗនេះ យានអវកាសរបស់ NASA នេះ បានថតយករូបភាពអស្ចារ្យមួយនៃភពផែនរបស់យើងនៅចន្លោះ ខ្សែក្រវ៉ាត់របស់ភពសៅរ៍ថែមទៀតផង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានអង់គ្លេស Mirror នៅមុននេះនាព្រឹកថ្ងៃពុធ ទី២៦ ខែមេសា ឆ្នាំ២០១៧។
លោក Giovanni Domenico Cassini គឺជាគណិតវិទូ និងតារាវិទូជនជាតិអ៊ីតាលីមួយរូប ដែលបានកើតនៅក្នុងឆ្នាំ១៦២៥។ លោកគឺជាបុគ្គលដំបូងគេ ដែលបានកត់សម្គាល់ឃើញអំពីផ្នែកខ្សែក្រវ៉ាត់របស់ភពសៅរ៍កាលពីឆ្នាំ១៦៧៥ ហើយបច្ចុប្បន្ននេះ ពោលគឺជាង៣០០ឆ្នាំកន្លងផុតទៅ យានអវកាសដែលត្រូវដាក់ឈ្មោះតាមរូបលោក កំពុងតែធ្វើដំណើរគោចរជុំវិញភពដ៏ប្លែកមួយនេះ។
ដោយឡែកបេសកកម្មរបស់ Cassini កំពុងឈានចូលជិតដល់ទីបញ្ចប់ហើយ ស្របពេលដែលអង្គការ NASA កំពុងត្រៀមរៀបចំដើម្បីទម្លាក់ខ្លួនចូលទៅក្នុងផ្ទៃដីនៃភពសៅរ៍ផ្ទាល់តែម្តង។ ក៏ប៉ុន្តែក្នុងសប្តាហ៍នេះយានអវកាស Cassini បានបញ្ជូនមកវិញនូវរូបភាពដ៏ស្រស់ស្អាត និងកម្រមានមួយនៃភពផែន ដោយមើលឃើញឆ្លងកាត់តាមខ្សែក្រវ៉ាត់របស់ភពសៅរ៍។
ចាប់ពីថ្ងៃទី២៦ ខែមេសានេះតទៅ Cassini នឹងធ្វើការហោះមុជចូលទៅក្នុងតំបន់ស្ថិតនៅចន្លោះភពសៅរ៍ និងខ្សែក្រវ៉ាត់របស់វា ហើយនៅថ្ងៃទី១៥ ខែមកញ្ញាខាងមុខ Cassini នឹងត្រូវទម្លាក់ទៅក្នុងបរិកាសរបស់ភពសៅរ៍ ដែលជាការគូសបញ្ជាក់នៃកិច្ចបិទបញ្ចប់បេសកកម្មរបស់វា៕