(វ៉ាស៊ីនតោន)៖ ចិនទំនងជានឹងមិនធ្វើការដាក់សម្ពាធខ្លាំងគ្រប់គ្រាន់ ទៅលើរបបដឹកនាំទីក្រុងព្យុងយ៉ាង ដែលអាចបង្ខំឲ្យរដ្ឋកុម្មុយនិស្តមួយនេះ គិតគូរពិចារណាឡើងវិញ អំពីកម្មវិធីផលិតអាវុធប្រល័យលោករបស់ខ្លួននោះឡើយ ដូច្នេះហើយសហរដ្ឋអាមេរិកគួរតែបន្តដាក់ទណកម្ម ទៅលើបណ្តាក្រុមហ៊ុនចិន ដែលកំពុងធ្វើមុខជំនួញជាមួយប្រទេសកូរ៉េខាងជើង ដើម្បីឲ្យទីក្រុងប៉េកាំងកំរើកខ្លួនខ្លះ។ នេះបើតាមសម្តីរបស់អ្នកជំនាញអាមេរិក ដែលត្រូវបានដកស្រង់ដោយទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យុនហ៉ាប់ នៅមុននេះបន្តិចនាព្រឹកថ្ងៃពុធ ទី២៦ ខែមេសា ឆ្នាំ២០១៧។
លោកស្រី Kelly Magsamen អតីតមន្រ្តីជាន់ខ្ពស់នៃមន្ទីរបញ្ចកោណអាមេរិក បានលើកឡើងថា «អ្វីៗដែលចិនយល់ព្រមធ្វើនៅមានកម្រិតនៅឡើយ ដោយការព្រួយបារម្ភខ្លាំងបំផុតរបស់ពួកគេនោះ គឺខ្លាចបង្កអស្ថិរភាព និងអសន្តិសុខនៅតំបន់ឧបទ្វីបកូរ៉េ។ ប៉ុន្តែខណៈពេលនេះគឺដល់ពេល ដែលត្រូវធ្វើឲ្យទីក្រុងប៉េកាំងយល់ច្បាស់ហើយថា ស្ថានការណ៍នឹងកាន់តែអាក្រក់ទៅៗសម្រាប់ពួកគេ។ ខ្ញុំគិតថា យើងត្រូវដាក់ផលប្រយោជន៍របស់ពួកគេនៅក្នុងហានិភ័យ ដោយយើងចាំបាច់ត្រូវតែគិតគូរ ឲ្យបានដិតដល់អំពីការដាក់ទណ្ឌកម្មទៅលើធនាគារចិន ដើម្បីបង្ហាញឲ្យពួកគេឃើញថា យើងមិនមានពេលសើចពីលើបញ្ហានេះទៀតឡើយ»។
គួរបញ្ជាក់ថា ចាប់តាំងពីកិច្ចប្រជុំទល់មុខគ្នាលើកដំបូងបំផុត ជាមួយមេដឹកនាំចិនលោក ស៊ី ជិនពីង ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានបន្តជំរុញលើកទឹកចិត្តទីក្រុងប៉េកាំង ឲ្យបង្កើនការដាក់គំនាបទៅលើកូរ៉េខាងជើង និងបានធ្វើការកោតសរសើរព្រមទាំងស្ញប់ស្ញែងជាដដែលៗចំពោះលោក ស៊ី ដែលបានខិតខំប្រឹងប្រែងធ្វើយ៉ាងដូច្នោះ ដោយរួមបញ្ចូលទាំងការផ្អាកការនាំចូលធ្យូងថ្មពីទីក្រុងព្យុងយ៉ាងថែមទៀត៕