(ប៉ារីស)៖ លោកស្រី Marine Le Pen កំពុងត្រូវបានមជ្ឈដ្ឋានទូទៅចាប់អារម្មណ៍ជាខ្លាំង បន្ទាប់ស្ត្រីដ៏មាន ឥទ្ធិពលរូបនេះ ក្លាយជាបេក្ខជនប្រធានាធិបតី ដែលកំពុងរងចាំចូលរួមបោះឆ្នោតជុំទីពីរជាមួយបេក្ខជននាំមុខ មួយរូបទៀតគឺលោក Macron នៅថ្ងៃទី០៧ ខែឧសភាខាងមុខ។ ខាងក្រោមនេះ ជាព័ត៌មាន និងប្រវត្តិរូបសំខាន់ៗ ពាក់ព័ន្ធស្ត្រីនយោបាយរូបនេះ៖
១៖ ថ្ងៃខែឆ្នាំកំណើត ស្វាមី និងបច្ចុប្បន្នភាពខ្លះៗ
* លោកស្រីកើតនៅថ្ងៃទី០៥ ខែសីហា ឆ្នាំ១៩៦៨ (វ័យ៤៨ឆ្នាំ) ក្នុងទីក្រុងប៉ារីស ប្រទេសបារាំង។
* បក្សនយោបាយរបស់លោកស្រីគឺ National Front (ពីឆ្នាំ១៩៨៦ ដល់បច្ចុប្បន្ន)។
* លោកស្រីធ្លាប់មានស្វាមីបីនាក់ គឺលោក Franck Chauffroy (រៀបការឆ្នាំ១៩៩៥ លែងលះឆ្នាំ២០០០)។ លោកEric Lorio (រៀបការឆ្នាំ២០០២ ដល់ឆ្នាំ២០០៦) និងលោក Ericlorio (រៀបការឆ្នាំ២០០៩ ដល់បច្ចុប្បន្ន)។
* លោកស្រីមានកូនបីនាក់។
* ជាមេដឹកនាំបក្ស National Front ពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០១១ ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧។
* ជាសមាជិកសភាសហភាពអឺរ៉ុប ពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០០៩ ដល់បច្ចុប្បន្ន។
* ជាសមាជិកក្រុមប្រឹក្សាតំបន់ ពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១០ ដល់បច្ចុប្បន្ន។
* ជាសមាជិកក្រុមប្រឹក្សាក្រុង ពីថ្ងៃទី២៣ មីនា ២០០៨ ដល់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១១។
២៖ ជីវិតពីកុមារភាព
* កុមារី Marine Le Pen កើតនៅថ្ងៃទី០៥ ខែសីហា ឆ្នាំ១៩៦៨ ក្នុងប្រទេសបារាំង។ នាងជាកូនពៅក្នុងចំណោមបងប្អូនស្រីបីនាក់ ព្រមទាំងត្រូវជាកូនរបស់លោក Jean Marie Le Pen ជាអ្នកនយោបាយ ជាមេដឹកនាំបក្សNational Front និងអតីតជាទាហានប៉ារ៉ាម្នាក់ និងលោកស្រី Pierrette Lalanne។
* ក្នុងឆ្នាំ១៩៧៦ ខណៈដែលកុមារី Marine ស្ថិតក្នុងវ័យ០៨ឆ្នាំនៅឡើយ នាងបានរួចផុតជីវិតពីការវាយប្រហារដោយគ្រាប់បែក ទៅលើគ្រួសារទាំងមូលខណៈពួកគេកំពុងគេង។ យ៉ាងនេះក្តីគ្រួសារទាំងមូលមិនរងគ្រោះឡើយ។ កុមារីរូបនេះមិនអាចទទួលភាពកក់ក្តៅពីគ្រួសារឡើយ បន្ទាប់ពីឪពុកម្តាយរបស់នាងបានលែងលះគ្នា ក្នុងឆ្នាំ១៩៨៧។
៣៖ ប្រវត្តិនៃការសិក្សា
* ពីតូចកុមារី Marine បានសិក្សានៅសាលា Florent Schmitt នៅទីក្រុងSaint-Cloud។ លុះធំដឹងក្តី នាងបានសិក្សានៅសកលវិទ្យាល័យ Pantheon-Assas ព្រមទាំងបញ្ចប់ថ្នាក់អនុបណ្ឌិតឯកទេសច្បាស់ក្នុងឆ្នាំ១៩៩១ និងបញ្ចប់ផ្នែកច្បាប់ឧក្រិដ្ឋកម្មក្នុងឆ្នាំ១៩៩២។
* នាងបានចំណាយពេលអស់រយៈពេល០៦ឆ្នាំ (ពីឆ្នាំ១៩៩២ ដល់ឆ្នាំ១៩៩៨) ដើម្បីធ្វើជាមេធាវី។ នៅក្នុងប្រទេសបារាំងមិនខុសពីប្រទេសផ្សេងទៀតមួយចំនួនឡើយ ដែលមានគោលការណ៍មួយ គឺនៅពេលដែលចុងចោទគ្មានលទ្ធភាពជួលមេធាវីនោះ មេធាវីម្នាក់នឹងត្រូវបានគេជ្រើសរើស ដើម្បីជួយការពារចុងចោទដោយឥតគិតថ្លៃ ហើយនាង Marine តែងតែជួយបំពេញកាតព្វកិច្ចនេះផងដែរ។
៤៖ ជីវិតឯកជន
* អ្នកនាង Le Pen បានបញ្ចប់ជីវិតជាយុវវ័យ ដោយបានរៀបការជាមួយប្រតិបត្តិករពាណិជ្ចកម្មម្នាក់ គឺលោក Franck Chauffroy ក្នុងឆ្នាំ១៩៩៥ ដែលក្នុងពេលនោះ កូនកម្លោះរបស់នាងក៏ធ្វើការក្នុងបក្ស National Front ផងដែរ។ ក្រោយមកអ្នកស្រី Le Pen បានលែងលះស្វាមីទីមួយក្នុងឆ្នាំ២០០០ ដោយរៀបការសាជាថ្មីក្នុងឆ្នាំ២០០២ ជាមួយលោក Eric Lorio អតីតរដ្ឋលេខាធិការជាតិនៃបក្ស National Front ហើយអ្នកទំាងពីរបានលែងលះគ្នាក្នុងឆ្នាំ២០០៦។
* ដល់ឆ្នាំ២០០៩ លោកស្រីក៏មានទំនាក់ទំនងជាមួយលោក Louis Aliot។ លោកជាអគ្គលេខាធិការបក្ស National Front ចាប់ពីឆ្នាំ២០០៥ដល់ឆ្នាំ២០១០។ លោកស្រីបានចំណាយពេលស្ទើរពេញមួយជីវិតក្នុងទីក្រុង Saint-Cloud ជាមួយនឹងកូនស្រីបីនាក់។ លោកស្រីមានអគារស្នាក់នៅក្នុង Henin-Beaumon។
* រងចាំរហូតដល់ឆ្នាំ២០១០ ទើបលោកស្រីបានទិញលំនៅដ្ឋានមួយរស់នៅជាមួយស្វាមីក្រោយ គឺលោក Aliot នៅMillas។
៥៖ ជីវិតការងារ
* Le Pen បានប្រឡូកចូលក្នុងកិច្ចការបក្ស National Front ក្នុងឆ្នាំ១៩៨៦ ដោយមានឪពុកនាងធ្លាប់ជាមេដឹកនាំបក្សនេះផ្ទាល់។ លោកស្រីត្រូវបានគេបោះឆ្នោតធ្វើជាទីប្រឹក្សាតំបន់ក្នុងឆ្នាំ១៩៩៨ នឹងបន្តកាន់ដំណែងដល់បច្ចុប្បន្ន និងជាសមាជិកសភាអឺរ៉ុបពីឆ្នាំ២០០៤ដល់បច្ចុប្បន្ន។ ក្រោយមកក៏ក្លាយជាទីប្រឹក្សាក្រុង ចាប់ពីឆ្នាំ២០០៨ដល់ឆ្នាំ២០១១។
* លោកស្រីបានជាប់ឆ្នោតក្លាយជាមេដឹកនំាបក្សនេះបន្តពីឪពុក ក្នុងឆ្នាំ២០១១ ជាមួយនឹងសំឡេងគាំទ្រ ៦៧.៦៥ភាគរយ។ លោកស្រី បានជាប់លំដាប់ថ្នាក់ទីបី ក្នុងការប្រកួតប្រជែងបោះឆ្នោតប្រធានាធិបតី ឆ្នាំ២០១២ ដោយសំឡេងគាំទ្រត្រឹមតែ ១៧,៩០ភាគរយ ទាបជាងគូប្រជែងរបស់លោកស្រីពីររូបផ្សេងទៀត គឺលោក Francois Hollande និងលោក Nicolas Sarkozy។
* លោកស្រីបានឈរឈ្មោះបោះឆ្នោតជ្រើសរើសប្រធានាធិបតី ជាលើកទីពីរក្នុងឆ្នាំ២០១៧នេះ។ លោកស្រីបានជាប់ជាមួយនឹងគូប្រជែងគឺលោក Emmanuel Macron ក្នុងជុំទីមួយ ហើយរង់ចាំការបោះឆ្នោតជុំទីពីរដែលនឹងប្រព្រឹត្តទៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១០៧ខាងមុខ។
៦៖ រឿងរ៉ាវដ៏គួរឲ្យចាប់អារម្មណ៍
* ក្នុងនាមជាអ្នកនយោបាយម្នាក់ លោកស្រីត្រូវបានគេចាត់ទុកថា ជាអ្នកនយោបាយដែលមានលក្ខណៈប្រជាធិបតេយ្យ និងសាធារណរដ្ឋជាងឪពុកជាតិនិយមរបស់លោកស្រី។
* អ្វីគួរចាប់អារម្មណ៍ ស្រី្តដែលក្រាសក្រែលដោយបទពិសោធន៍នយោបាយរូបនេះ ធ្លាប់បណ្តេញឪពុកនាងចេញពីបក្សនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៥ បន្ទាប់ពីលោកបានធ្វើសេចក្តីថ្លែងការណ៍ ដែលបង្ហាញការវិវាទជាមួយលោកស្រីដែលជាមេដឹកនាំបក្សម្នាក់។
៧៖ ការគាំទ្រសាធារណៈមតិនានា និងឥទ្ធិពលនយោបាយ
* លោកស្រីក៏ធ្លាប់បានប្រើប្រាស់ពេលវេលាខ្លះ ទៅលើអង្គការសហភាពស៊ីវិល ដែលធ្វើការដើម្បីការពារដល់ក្រុមគូស្នេហ៍ស្រឡាញ់ភេទដូចគ្នា ដែលវាមានលក្ខណៈផ្ទុយពីគោលការណ៍ចាស់បក្សកាលពីមុន ដែលធ្លាប់ប្រឆាំងមិនទទួលស្គាល់ភាពស្របច្បាប់ នៃការស្រឡាញ់ភេទដូចគ្នា។
* មិនតែប៉ុណ្ណោះលោកស្រីថែមទាំងបានយល់ព្រមដោយឥតលក្ខខណ្ឌ ទៅលើការរំលូតកូន និងលុបចោលទោសប្រហារជីវិតផងដែរ។
* ស្ត្រីរូបនេះត្រូវបានជាប់ចំណាប់ថ្នាក់ ក្នុងនាមជាមនុស្សមានឥទ្ធិពលបំផុតក្នុងឆ្នាំ២០១១ និងឆ្នាំ២០១៥ ដោយទស្សនាវដ្តី Time 100។
* ជាថ្មីម្តងទៀតក្នុងឆ្នាំ២០១៦ លោកស្រីត្រូវបានជាប់ចំណាច់ថ្នាក់ជាបុគ្គលដ៏មានឥទ្ធិពលទីពីរក្នុងនាមជាសមាជិកសភាអឺរ៉ុប បន្ទាប់ពីប្រធានសភាអឺរ៉ុប លោក Martin៕