(ប៉េកាំង)៖ នាវាផ្ទុកយន្ដហោះចម្បាំង 001A របស់ចិនផលិតនៅក្នុងស្រុកជាលើកដំបូងបំផុត បានប៉ះផ្ទៃទឹកហើយនៅព្រឹកថ្ងៃពុធនេះ ក្នុងឱកាសនៃការដាក់សម្ពោធឱ្យប្រើប្រាស់ជាការសាកល្បងដើម្បីពិនិត្យមើលអំពីដំណើរការជាទូទៅ មុននឹងដាក់វាឲ្យប្រតិបត្តិជាផ្លូវការនៅឆ្នាំ២០១៩។ ពិធីថ្ងៃនេះត្រូវបានប្រារព្ធឡើង ក្រោមការចូលរួមដោយផ្ទាល់ពីលោក Fan Changlong អនុប្រធានគណកម្មការមជ្ឈិមយោធាចិន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួរ នៅព្រឹកថ្ងៃពុធ ទី២៦ ខែមេសា ឆ្នាំ២០១៧។
ប្រភពដដែលបានឱ្យដឹងដែរថា ពិធីសម្ពោធនេះធ្វើឡើងនៅកំពង់ផែទីក្រុង Dalian ស្ថិតនៅភាគឦសាន នៃខេត្ត Liaoning ប្រទេសចិនស្របពេលទីក្រុងប៉េកាំងត្រូវបានគេមើលឃើញថា កំពុងពង្រឹងសមត្ថភាពកងទ័ពរបស់ខ្លួន នៅក្នុងបរិបទដែលខ្លួនកំពុងមានជម្លោះដែនទឹក នៅឯតំបន់សមុទ្រចិនខាងត្បូង រីឯសហរដ្ឋអាមេរិក កាន់តែពង្រីកឥទ្ធិពលយោធានៅក្នុងតំបន់។
គួរបញ្ជាក់ថា បើតាមការគ្រោងទុកនាវាផ្ទុកយន្ដហោះចម្បាំង 001A នឹងធ្វើលំហាត់ហ្វឹកហ្វឺនរួមគ្នាជាមួយ Liaoning ដែលជានាវាផ្ទុកយន្ដហោះចម្បាំងដំបូងគេរបស់ចិន ត្រូវបានដាក់ឱ្យដំណើរការនៅសម្រាប់កងទ័ពរំដោះប្រជាជនចិន (PLA) កាលពីឆ្នាំ២០១២។
នាវាដឹកយន្តហោះចម្បាំងថ្មីរបស់ចិន អាចដាក់ទម្ងន់បាន ៧០,០០០តោន, មានប្រវែង ៣១៥ម៉ែត្រ និងទទឹង ៧៥ម៉ែត្រ ហើយនឹងមានល្បឿន ៣១ knotes។ វាធំជាងនាវាដឹកយន្តហោះចម្បាំង Liaoning ដែលមានស្រាប់របស់ចិនបន្តិច ដែលជារបស់អតីតសហភាពសូវៀត ត្រូវបានចិនទិញពីអ៊ុយក្រែនមកធ្វើការជួសជុលបន្ថែមកាលពីឆ្នាំ១៩៩៨៕