(សេអ៊ូល)៖ កងទ័ពអាមេរិកប្រចាំកូរ៉េខាងត្បូង (USFK) បានដឹកនាំប្រតិបត្តិការ ដឹកជញ្ជូនបរិក្ខាសម្រាប់តំឡើងប្រព័ន្ធខែលការពារមីស៊ីល THAAD កាលពីយប់ថ្ងៃអង្គារ ឈានចូលថ្ងៃពុធនេះ នៅឯទីលានវាយកូនហ្គោល ក្នុងតំបន់ Seongju នៃខេត្ត Gyeongsang ខាងជើង បើទោះជាមានការជំទាស់យ៉ាងខ្លាំងពីសំណាក់ប្រជាជនក្នុងតំបន់ រហូតដល់មានការប៉ះទង្គិចគ្នាបន្តិចបន្តួចក៏ដោយក៏ដោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ នៅព្រឹកថ្ងៃពុធ ទី២៦ ខែមេសា ឆ្នាំ២០១៧។
ការដំណើរការការដាក់ពង្រាយ THAAD ធ្វើឡើងនៅក្នុងបរិបទដែលកូរ៉េខាងជើង និងសហរដ្ឋអាមេរិក កំពុងមានភាពតានតឹងនឹងគ្នាកាន់តែខ្លំាង ដោយសារតែវោហាស័ព្ទបង្កសង្រ្គាមដាក់គ្នាទៅវិញទៅមក ខណៈប្រជាជនប្រមាណជា ២០០នាក់ នៅក្នុងតំបន់បានប្រមូលផ្ដុំគ្នា ដើម្បីជំទាស់នឹងការដាក់ពង្រាយនេះ ព្រមទំាងបានប៉ះទង្គិចគ្នាមួយប្រាវជាមួយអាជ្ញាធរទៀតផង។ ក្រុមអ្នកតវ៉ាទំាងនេះបានសរសេរនៅលើ បដាជាច្រើនថា «គ្មាន THAAD! គ្មានសង្រ្គាម! សហរដ្ឋអាមេរិក តើអ្នកជាមិត្ត ឬក៏ជាកងទ័ពអាណានិគម?»។
ជុំវិញបញ្ហានេះមិនមែនមានត្រឹមតែប្រជាជនកូរ៉េខាងត្បូងនោះទេ ដែលជំទាស់នឹងការដាក់ពង្រាយ THAAD សូម្បីតែចិន និងរុស្ស៊ីដែលជាខ្នងបង្អែករបស់កូរ៉េខាងជើង ក៏បានប្រឆាំងដាច់ខាតផងដែរ ក្រោមហេតុផលសន្តិសុខជាតិ ទោះបីជាទីក្រុងសេអ៊ូល និងវ៉ាស៊ីនតោនអះអាងជាច្រើនលើកថា THAAD មានគោលដៅតែទៅលើកូរ៉េខាងជើងតែមួយគត់ក៏ដោយ។
គួរបញ្ជាក់ថា នៅក្នុងចំណោមបរិក្ខាដែលត្រូវដឹកជញ្ជូនទៅកាន់ទីលានវាយកូនហ្គោលក្នុងតំបន់ Seongju មានប្រព័ន្ធរ៉ាដា X-band និងរថយន្ដជាជើងទម្របាញ់មីស៊ីល០៦គ្រឿង ហើយម្យ៉ាងវិញទៀត ការតំឡើងនេះទៀតសោត ធ្វើឡើងនៅចំពេលដែលនាវាផ្ទុកយន្ដហោះអាមេរិក USS CarlVinson នឹងមកដល់ក្បែរតំបន់ដែនទឹកឧបទ្វីបកូរ៉េ ក្នុងសប្ដាហ៍នេះ ខណៈដែលនាវាមុជទឹកបំពាក់គ្រាប់មីស៊ីលក៏បានមកដល់កូរ៉េខាងត្បូងតាំងពីថ្ងៃអង្គារហើយដែរ៕