(យេមែន)៖ អង្គការសហប្រជាជាតិ ត្រូវការជំនួយជាបន្ទាន់ដើម្បីដោះស្រាយវិបត្តិកង្វះអាហារូបត្ថម្ភ នៅក្នុងប្រទេសយេមែន រីឯភាគីជម្លោះទំាងអស់ត្រូវតែ ធានាឱ្យបានថាជំនួយទំាងនេះ អាចបញ្ជូនទៅដល់ដៃប្រជាជនយេមែន។ នេះបើតាមអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៥ ខែមេសា ឆ្នាំ២០១៧។
ថ្លែងនាឱកាសបើកកិច្ចប្រជុំម្ចាស់ជំនួយ ក្នុងទីក្រុងហ្សឺណែវប្រទេសស្វីស នៅថ្ងៃអង្គារនេះ លោក Guterres បានសង្កត់ធ្ងន់ដូច្នេះថា៖ «វិបត្តិកង្វះអាហារូបត្ថម្ភ អាចដោះស្រាយបាន បើយើងធ្វើសកម្មភាពរួមគ្នាឱ្យបានឆាប់រហ័ស (...) អង្គការសហប្រជាជាតិ ត្រូវការជំនួយជាបន្ទាន់ជាង២,១ពាន់លានដុល្លារនៅក្នុងឆ្នាំ ២០១៧នេះ ដើម្បីជួយដល់ប្រជាជនយេមែន ដែល កំពុងរងគ្រោះដោយសារជម្លោះ ក៏ប៉ុន្តែ ការអំពាវនាវ រកមូលនិធិនេះ បានត្រឹមតែ១៥ភាគរយ ប៉ុណ្ណោះ»។
គួរបញ្ជាក់ថា បើតាម លោក Guterres មនុស្សប្រមាណជា១៩លាននាក់ នៅយេមែន ឬស្មើនឹងពីរភាគបី នៃប្រជាជនយេមែន កំពុងត្រូវការជំនួយមនុស្សធម៌ ជាបន្ទាន់ ខណៈប្រជាជន១៧លាននាក់ ក្នុងចំណោមអ្នកទាំងនេះ ជួបវិបត្តិកង្វះអាហារូបត្ថម្ភ ចំណែកឯ កុមារអាយុក្រោម៥ឆ្នាំ កំពុងប្រឈមមុខនឹងការស្លាប់ រៀងរាល់១០នាទីម្ដង៕