(វ៉ាស៊ីនតោន)៖ នៅថ្ងៃនេះអតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា បានចូលរួមវេទិកាសាធារណៈជាលើកដំបូង បន្ទាប់ពីផុតអាណត្តិជាមេដឹកនាំនៃប្រទេសមហាអំណាចពិភពលោកមួយនេះ ក៏ប៉ុន្តែនាឱកាសនោះលោកពុំបានធ្វើអត្ថាធិប្បាយអ្វី ពាក់ព័ន្ធនឹងលោក ដូណាល់ ត្រាំ នោះឡើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅមុននេះបន្តិចនារសៀលថ្ងៃអង្គារ ទី២៥ ខែមេសា ឆ្នាំ២០១៧។
នៅក្នុងវេទិកានៅឯសាកលវិទ្យាល័យ Chicago លោក អូបាម៉ា បានថ្លែងប្រាប់ទៅកាន់ទស្សនិកជននៅទីនោះថា រូបលោកគ្រោងនឹងផ្តោតសំខាន់ទៅលើការជំរុញលើកទឹកចិត្តយុវជន និងយុវតីជំនាន់ក្រោយ ឲ្យចូលរួមក្នុងវិស័យនយោបាយនៅក្នុងទីក្រុង Chicago ជាកន្លែងដែលលោកអតីតប្រធានាធិបតីអាមេរិកបានចាប់ផ្តើមអាជីពនយោបាយរបស់លោក។ នាឱកាសនោះលោក បារ៉ាក់ អូបាម៉ា បានចំណាយពេលវេលាភាគច្រើន ធ្វើការសន្ទនាជាមួយពួកគេ អំពីភាពជាអ្នកដឹកនាំ និងប្រព័ន្ធបណ្តាញទំនាក់ទំនងសង្គម តែលោកមិនបានលើកឡើងពាក់ព័ន្ធនឹងលោក ដូណាល់ ត្រាំ ជាមេដឹកនាំអាមេរិកបច្ចុប្បន្ន ដែលកំពុងកាន់តួនាទីជិតបាន១០០ថ្ងៃនោះឡើយ។
គួរបញ្ជាក់ថា លោក បារ៉ាក់ អូបាម៉ា គឺជាអតីតប្រធានាធិបតីទី៤៤នៃសហរដ្ឋអាមេរិក និងបានបញ្ចប់អាណត្តិទីពីររបស់ខ្លួន កាលពីថ្ងៃទី២១ ខែមករាកន្លងទៅនេះ ហើយបន្ទាប់ពីរួចផុតនៃការងារដឹកនាំប្រទេស រូបលោកបានចំណាយពេលវេលាប្រមាណជាបីខែ ក្នុងវិស្សមកាលលំហែកាយជាមួយក្រុមគ្រួសារ មុននឹងត្រឡប់មកធ្វើការបង្ហាញខ្លួនជាសាធារណៈ សាជាថ្មីម្តងទៀតនាសប្តាហ៍នេះ៕