(អ៊ីស្រាអែល)៖ អតីតរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Moshe Ya’alon បាននិយាយថា អ៊ីស្រាអែលនៅតែបន្តប្រកាន់គោលនយោបាយ «អាព្យាក្រឹត» នៅក្នុងជម្លោះស៊ីរី។ ក៏ប៉ុន្តែទន្ទឹមគ្នានោះ លោក Moshe ក៏បានទទួលស្គាល់ដែរថា ទីក្រុងតែលអាវីវលួចមានទំនាក់ទំនងជាសម្ងាត់ជាមួយពួក ISIS រហូតដល់ទុកឱ្យពួកភេរវករមួយនេះ មានឱកាសសូមទោសអ៊ីស្រាអែល សម្រាប់ការវាយប្រហារលើកងទ័ព IDF (កម្លំាងការពារជាតិអ៊ីស្រាអែល) នៅឯតំបន់ Golan Heights ថែមទៀតផង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Russian Today នៅរសៀលថ្ងៃអង្គារ ទី២៥ ខែមេសា ឆ្នាំ២០១៧។
ថ្លែងពីនយោបាយ «អាព្យាក្រឹត» របស់អ៊ីស្រាអែលចំពោះស៊ីរី លោក Moshe បានជ្រុលមាត់ទទួលស្គាល់ថា ទីក្រុងតែលអាវីវលួចមានទំនាក់ទំនង និងធ្វើប្រតិបត្តិការជាសម្ងាត់ជាមួយពួក ISIS នៅក្នុងតំបន់ Golan Heights។ «នៅទីនោះ (Golan Heights) នាពេលថ្មីៗនេះពួក ISIS បានធ្វើការវាយប្រហារ និងសូមទោស (អ៊ីស្រាអែល)»។ នេះបើតាមសម្តីធ្លោយរបស់លោក Moshe Ya’alon ចុះផ្សាយបន្តដោយសារព័ត៌មានអ៊ីស្រាអែល Times of Israel។
ទោះបីជាបែបនេះក្តី ខាងការិយាល័យរបស់លោកមិនបានឆ្លើយតប រីឯ IDF ក៏មិនបានធ្វើអត្ថាធិប្បាយអ្វីដែរ នៅពេលអ្នកសារព័ត៌មានជជីកសួរនាំបន្ថែមពីរឿងនេះ ខណៈច្បាប់របស់ប្រទេសអ៊ីស្រាអែលចាត់ទុកថា ការមានទំនាក់ទំនងជាមួយពួកភេរវករ គឺរឿងខុសច្បាប់។
គួរបញ្ជាក់ថា លោក Moshe Ya’alon ធ្លាប់កាន់តំណែងជារដ្ឋមន្ត្រីការពារអ៊ីស្រាអែលពីឆ្នាំ២០១៣ រហូតដល់លោកសុំលាលែងពីតំណែង នៅខែឧសភា ឆ្នាំ២០១៦ ហើយម្យ៉ាងវិញទៀត បើទោះជាអ៊ីស្រាអែលអះអាងថា ខ្លួនប្រកាន់នយោបាយអព្យាក្រឹតក៏ដោយ ក៏នៅពេលខ្លះអ៊ីស្រាអែល ឆ្លៀតវាយប្រហាររតាមផ្លូវអាកាសម្ដងម្កាលនៅក្នុងប្រទេសស៊ីរី ដើម្បីទប់ស្កាត់ការដឹកញ្ជូនអាវុធរបស់ក្រុមឧទ្ទាមហេសប៊ូលឡា ដែលជាសត្រូវដ៏ធំរបស់ខ្លួន៕