(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ នឹងស្វាគមន៍ព្រមទាំងរីករាយជានិច្ច ដើម្បីធ្វើការងារជាមួយអនាគតមេដឹកនាំប្រទេសបារាំងថ្មី ដែលត្រូវបានជ្រើសរើសដោយប្រជាជន មិនថាជាលោក Emmanuel Macron ឬមួយក៏លោកស្រី Marine Le Pen នោះឡើយ។ នេះបើតាមការដកស្រង់ការផ្សាយពីសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃអង្គារ ទី២៥ ខែមេសា ឆ្នាំ២០១៧។
អ្នកនាំពាក្យសេតវិមានលោក Sean Spicer បានថ្លែងឲ្យដឹងយ៉ាងដូច្នេះថា «វាស្រេចតែទៅលើប្រជាពលរដ្ឋនៃប្រទេសបារាំងនោះទេ ដែលជាអ្នកមានសិទ្ធិជ្រើសរើសថា តើមេដឹកនាំថ្មីរបស់ពួកគេគឺជានរណា។ យើងនឹងគោរពតាមការសម្រេចចិត្តរបស់ពួកគេ ដែលនឹងធ្វើឡើងជាចុងក្រោយនាខែឧសភាខាងមុខនេះ ហើយតួនាទីរបស់យើងគឺចូលរួមសហការជាមួយបេក្ខភាពណាក៏ដោយ ដែលប្រជាជាតិបារាំងបានជ្រើសរើស»។
គួរបញ្ជាក់ថា បន្ទាប់ពីបានឆ្លងផុតការបោះឆ្នោតជម្រុះដោយជោគជ័យ លោកស្រី Le Pen និងលោក Macron ត្រូវនឹងប្រឈមមុខដាក់គ្នាជាថ្មីម្ដងទៀត នៅក្នុងការបោះឆ្នោតជុំទី០២ ដែលជាជាជុំសម្រេចចុងក្រោយ នាថ្ងៃទី០៧ ខែឧសភា។ ដោយឡែកបើតាមការស្ទង់មតិជាច្រើន លោក Emmanuel Macron អាចនឹងផ្តួលលោកស្រី Marine Le Pen នៅក្នុងការបោះឆ្នោតនេះ។ ទោះបីជាបែបនេះក្តីគេមិនអាចមើលរំលងបានឡើយ ពីវោហាស័ព្ទបែបស្នេហាជាតិ របស់អ្នកនយោបាយស្ដាំនិយមជ្រុលគឺលោកស្រី Le Pen ដែលកំពុងចាក់ចំបញ្ហាដែលបារាំងផ្ទាល់ដែលកំពុងប្រឈមមុខដូចជាវិបត្តិជនភៀសខ្លួន និងការវាយប្រហារដោយភេរវកម្មជាដើម៕