(វ៉ាស៊ីនតោន)៖ រដ្ឋបាលលោក ដូណាល់ ត្រាំ ទីបំផុតបានសម្រេចដាក់ទណ្ឌកម្មប្រឆាំងនឹងបុគ្គលចំនួន ២៧១រូប ជាក់ពាក់ព័ន្ធជាមួយទីភ្នាក់ងារស៊ីរី ដែលជាអ្នកទទួលបន្ទុកក្នុងការផលិតអាវុធប្រល័យ ហើយទង្វើនេះស្ថិតនៅក្នុងផ្នែកនៃចំណាត់ការរបស់សហរដ្ឋអាមេរិក ទៅលើការប្រើប្រាស់អាវុធគីមីរបស់ប្រធានាធិបតីស៊ីរីលោក បាស្សា អាល់ អាស្សាដ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅមុននេះបន្តិចនារសៀលថ្ងៃអង្គារ ទី២៥ ខែមេសា ឆ្នាំ២០១៧។
ទណ្ឌកម្មដែលសំដៅដាក់ទៅលើបុគ្គលិកនៃមជ្ឈមណ្ឌលសិក្សា និងស្រាវជ្រាវផ្នែកវិទ្យាសាស្រ្តរបស់ប្រទេសស៊ីរី ដែលសហរដ្ឋអាមេរិកបានអះអាងថា បានចូលរួមចំណែកអនុញ្ញាតដល់ការប្រើប្រាស់អាវុធគីមី។ ជុំវិញការដាក់ទណ្ឌកម្មនេះ រដ្ឋមន្រ្តីក្រសួងរតនាគារជាតិអាមេរិកលោក Steve Mnuchin បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននៅឯសេតវិមានថា «រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន កំពុងផ្ញើសារយ៉ាងច្បាស់មួយជាមួយទង្វើនេះថា យើងនឹងមិនលើកលែងឲ្យការប្រើប្រាស់អាវុធគីមីដ៏កាចសាហាវនោះឡើយ» ហើយលោក Mnuchin បានបញ្ជាក់ថា វាគឺជាទណ្ឌកម្មដ៏ធំបំផុតមួយនៅក្នុងប្រវត្តិសាស្រ្តអាមេរិក។
គួរបញ្ជាក់ថា កាលពីថ្ងៃទី០៧ ខែមេសា សហរដ្ឋអាមេរិកបានបើកការវាយប្រហារដោយមីស៊ីល Tomahawk ចំនួន៥៩គ្រាប់ ទៅលើមូលដ្ឋានកងទ័ពជើងអាកាសរបស់រដ្ឋាភិបាលស៊ីរី ដែលស្ថិតនៅក្នុងភូមិ Shayrat នៃខេត្ត Hama ដែលស្ថិតនៅប្រមាណ ៤០គីឡូម៉ែត្រពីទីក្រុង Homs ដោយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានអះអាងថា គឺជាការឆ្លើយតបចំពោះការប្រើប្រាស់អាវុធគីមីប្រឆាំងនឹងប្រជាជនខ្លួនឯង របស់កងយន្តហោះចម្បាំងនៃរដ្ឋាភិបាលលោក អាល់ អាស្សាដ ដែលបានឆក់យកអាយុជីវិតមនុស្សយ៉ាងតិច៨៧នាក់ និងរបួសជាង២០០នាក់ នៅក្នុងខេត្ត Idlib ភាគពាយ័ព្យប្រទេសស៊ីរី៕